អ្នកវិភាគសង្គម និងនយោបាយកម្ពុជា ថ្កោលទោសចំពោះការបាញ់ប្រហាររបស់ថៃមកលើកម្ពុជា ដែលជាការរំលោភកិច្ចព្រមព្រៀងមានសហរដ្ឋអាម៉េរិកជាសាក្សី
ភ្នំពេញ៖ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងសហជីពនៅកម្ពុជា នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ បានថ្កោលទោសចំពោះការបាញ់ប្រហាររបស់ កងកម្លាំងយោធាថៃមកលើអធិបតេយ្យភាពកម្ពុជាជាច្រើនចំណុចនៅតំបន់ជាច្រើនតាមខ្សែបន្ទាត់ព្រំដែន ចាប់តាំងពីថ្ងៃទី៧ ខែធ្នូនេះ ក្នុងចេតនាធ្វើឱ្យកម្ពុជាតបតដើម្បីបំផ្លាញចោលបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍សន្តិភាពកម្ពុជានិងថៃ។
លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកតាមដានស្ថានការណ៍នយោបាយ មើលឃើញថា ការបាញ់ប្រហារសាជាថ្មីរបស់ កងទ័ពថៃមកលើអធិបតេយ្យភាពកម្ពុជាបង្ហាញថា ថៃជារដ្ឋពាល ព្រហើន កោងកាច ហាក់ដូចជារស់នៅក្នុងអតីតកាលជាង១ពាន់ឆ្នាំមុន។ លោកបណ្ឌិតអំពាវនាវដល់សហគមន៍អន្តរជាតិថ្កោលទោសធ្ងន់ធ្ងរដល់ប្រទេសថៃ ព្រោះប្រទេសនេះ មិនយល់ពីបញ្ហាមនុស្សធម៌ និងច្បាប់អន្តរជាតិ ឈ្លានពានកម្ពុជាទាំងកំរោល ដើម្បីបំផ្លាញនូវមរតវប្បធម៌និងសាសនា ព្រមទាំង ទីតាំងជនស៊ីវិលស្លូតត្រង់ក្នុងគោលបំណងឈ្លានពានទឹកដីកម្ពុជា។
លោកថ្លែងថា៖«ខ្ញុំអំពាវនាវដល់សហរដ្ឋអាម៉េរិក ក៏ដូចជាសហគមន៍អន្តរជាតិ ដាក់សម្ពាធធ្ងន់ធ្ងរទៅលើប្រទេសថៃ ថ្កោលទោសធ្ងន់ធ្ងរទៅលើប្រទេសថៃ និងមានសកម្មភាពជាក់ស្តែងទប់ទល់នឹងភាពគឃ្លើននៃការប្រកាសសង្គ្រាមរបស់ថៃ រួមទាំងអាស៊ាន និងអង្គការសហប្រជាជាតិផងដែរ ត្រូវតែមានវិធានការដាក់សម្ពាធនិងថ្កោលទោស ទប់ស្កាត់នូវទង្វើទុច្ចរិតបំពានលើបទឧក្រិដ្ឋនៃសង្គ្រាមនេះ»។
ចំណែក លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយខ្មែរ បានហៅការបាញ់ប្រហារសាជាថ្មីនេះ ថាជាអំពើឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងមនុស្សជាតិ មានចេតនាធ្វើឱ្យប្រជាពលរដ្ឋខ្មែរស្លូតត្រង់ភ័យខ្លាចចំពោះការបាញ់សង្គ្រុបដោយអាវុធធុនធ្ងន់ច្រើនប្រភេទនៅខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ ដែលទង្វើនេះបង្ហាញកាន់តែច្បាស់ថា ថៃមិនគោរពច្បាប់អន្តរជាតិ និងមានចេតនារុញឱ្យកម្ពុជាតបតដើម្បីបំផ្លាញរាល់កិច្ចព្រមព្រៀងទាំងអស់។
លោកថ្លែងថា៖«ខ្ញុំសូមថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើដ៏សាហាវឃោរឃៅ របស់យោធាថៃដែលបានបើកការបាញ់ប្រហារយ៉ាងធ្ងន់ធ្ងរមកលើទឹកដីកម្ពុជាតាមបន្ទាត់ព្រំដែន ដែលនេះជាការរំលោភបទឈប់បាញ់ដែលកម្ពុជានិងថៃបានចុះកិច្ចព្រមព្រៀងក្រោមការសម្របសម្រួលរបស់ លោកប្រធានាធិបតីនៃសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ។ យើងខ្ញុំសូមឱ្យស្ថាប័នអន្តរជាតិ ជាពិសេស សហរដ្ឋអាម៉េរិក និងប្រទេសមហាអំណាចនានាលើពិភពលោក អង្គការសហប្រជាជាតិ សូមធ្វើការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរចំពោះភាគីថៃ»។
រីឯលោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា ពិនិត្យឃើញថា ការផ្ទុះអាវុធសាជាថ្មីនេះបង្កឡើងដោយភាគីថៃទាំងស្រុងក្នុងចេតនាបំផ្លាញកិច្ចព្រមព្រៀងបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព ខណៈភាគីកម្ពុជា បានរក្សានូវភាពធត់ធ្មត់បន្តនូវសុឆ្ឆន្ទៈក្នុងការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពដែលប្រទេសទាំងពីរបានចុះហត្ថលេខា។
លោកថ្លែងថា៖«នេះជាអំពើដ៏ងងើល ដ៏កំរោល និងច្បាប់ព្រៃដែលថៃរំលោភទាំងស្រុងទៅនឹងបទឈប់បាញ់ អនុស្សរណៈនៃការយោគយល់គ្នា ក៏ដូចជាសន្ធិសញ្ញា អនុញ្ញាបារាំងសៀមជាដើម គឺថៃជាច្បាប់ព្រៃ ដូចច្នេះខ្ញុំគិតថា ទង្វើនេះគឺមិនអាចទទួលយកបានទេ ហើយកម្ពុជាក៏ត្រូវតែត្រៀមលក្ខណៈដើម្បីឆ្លើយតបចំពោះអំពើឈ្លានពានដ៏ឃោរឃៅព្រៃផ្សៃរបស់ភាគីថៃ»។
បើតាមលោកបណ្ឌិត គិន ភា ការបាញ់ប្រហារសាជថ្មីរបស់ថៃគោលបំណងធំទី១គឺ ចង់ឈ្លានពានទឹកដីកម្ពុជាតាមរយៈការប្រើប្រាស់កម្លាំងប្រដាប់អាវុធ ដោយសាតែថៃគិតថាខ្លួនមានប្រៀបលើកម្ពុជា ចំណែកគោលបំណងធំទី២ គឺថៃចង់បង្វែរការចាប់អារម្មណ៍របស់សាធារណៈជនថៃ ឬសហគមន៍អន្តរជាតិចេញពីវិបត្តិនយោបាយផ្ទៃក្នុងនិងភាពកម្សោយរបស់ខ្លួនក្នុងការរៀបចំការប្រកួតកីឡាស៊ីហ្គេម៕
