លោក ឆាយ ឫទ្ធិសែន អញ្ជើញទៅពិនិត្យស្ថានភាពផ្លូវជនបទ ចំនួន ៤ខ្សែ នៅក្នុងខេត្តត្បូងឃ្មុំ និងពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ ១ខ្សែ នៅក្នុងខេត្តក្រចេះ
ខេត្តត្បូងឃ្មុំ៖ នាថ្ងៃចន្ទ ៣រោច ខែមិគសិរ ឆ្នាំម្សាញ់ ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ថ្នាក់ដឹកនាំនៃក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំមន្ដ្រីជំនាញក្រសួង អញ្ជើញទៅពិនិត្យស្ថានភាពផ្លូវជនបទចំនួន ៤ខ្សែ នៅក្នុងខេត្តត្បូងឃ្មុំ និងពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ ១ខ្សែ នៅក្នុងខេត្តក្រចេះដូចខាងក្រោម៖

ខ្សែទី១៖ ជាផ្លូវក្រាលកៅស៊ូពីរជាន់ មានប្រវែង ២៨.គ.ម ទទឹង ៥ម៉ែត្រ តភ្ជាប់ពីភូមិក្រញូង ឃុំវាលម្លូរ ស្រុកពញាក្រែក ទៅកាន់ភូមិក្រសាំង ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដោយមានអ្នកទទួលផលដោយផ្ទាល់ ចំនួន២ ២១៨គ្រួសារ ស្មើនឹង ៨ ២១៨នាក់ និងអ្នកទទួលផលដោយប្រយោល ចំនួន ៦ ៦៩៥គ្រួសារ ស្មើនឹង ២៨ ៨៧៤នាក់។ ផ្លូវនេះត្រូវបានអនុវត្តការសាងសង់ដោយក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងក្របខ័ណ្ឌគម្រោង RRIP-II ក្នុងឆ្នាំ២០១៩។

ខ្សែទី២៖ ខ្សែផ្លូវឈ្មោះ ផ.ជ៧៣ (ខ្ជាយ-វត្តថ្មី) ជាផ្លូវក្រាលកៅស៊ូពីជាន់ប្រវែង ៩,៧៧៤គ.ម ទទឹង ៦ ម៉ែត្រ តភ្ជាប់ពីភូមិវត្តថ្មី ឃុំកោក ទៅកាន់ភូមិខ្ជាយ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដោយមានអ្នកទទួលផលដោយផ្ទាល់ ចំនួន ១ ៤២៥គ្រួសារ ស្មើនឹង ៥ ៧០៣នាក់ និងអ្នកទទួលផលដោយប្រយោល ចំនួន ៤ ២៧៥គ្រួសារ ស្មើនឹង ១៧ ១០៩នាក់។ ផ្លូវនេះត្រូវបានអនុវត្តការសាងសង់ដោយក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងក្របខ័ណ្ឌគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន(CFAVC) ក្នុងឆ្នាំ២០២៤។

ខ្សែទី៣៖ ខ្សែផ្លូវឈ្មោះ បង្ហើរខ្លែង-ស្រែវែង ជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រវែង ១២,៥០គ.ម ទទឹង ៦ម៉ែត្រ តភ្ជាប់ពីភូមិ បង្ហើខ្លែង ឃុំត្រពាំងព្រី ស្រុកតំបែរទៅកាន់ភូមិស្រែវែង ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដោយមានអ្នកទទួលផលដោយផ្ទាល់ ចំនួន ២ ០៧៧គ្រួសារ ស្មើនឹង ៨ ៣១០នាក់ និងអ្នកទទួលផលដោយប្រយោល ចំនួន ៦ ២៣១គ្រួសារ ស្មើនឹង ២៤ ៩៣០នាក់។ ផ្លូវនេះត្រូវបានអនុវត្តការសាងសង់ដោយក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងក្របខ័ណ្ឌគម្រោង ACSEP ក្នុងឆ្នាំ២០២៣។ ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី និងប្រតិភូរួមដំណើរ បានអញ្ជើញពិនិត្យស្ថានភាពទីតាំងចិញ្ចឹមកណ្ដូបលក្ខណៈគ្រួសាររបស់ប្រជាពលរដ្ឋស្ថិតនៅក្នុងភូមិមេម៉ៃ ផងដែរ។

ខ្សែទី៤៖ ខ្សែផ្លូវឈ្មោះ បេង-ស្ពាន ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៦,៥៧គ.ម ទទឹង ៦ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៧ ត្រង់ចំណុចភូមិបេង ទៅភូមិស្ពាន ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយមានអ្នកទទួលផលដោយផ្ទាល់ ចំនួន ៧៥៤គ្រួសារ ស្មើនឹង ៣ ០៤៦នាក់ និងអ្នកទទួលផលដោយប្រយោលចំនួន ៣ ៧៧០គ្រួសារ ស្មើនឹង ១៥ ២៣០នាក់ ។ ខ្សែផ្លូវនេះ ស្ថិតក្នុងក្របខ័ណ្ឌគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន ដោយប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា, ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងមូលនិធិអាកាសធាតុបៃតង ត្រូវបានស្ថាបនាហើយ ១០០% ក្នុងខែតុលា ឆ្នាំ២០២៥នេះ ។

ខ្សែទី៥៖ ការដ្ឋានសាងសង់ផ្លូវ DBST មានប្រវែង១១,១០គ.ម ទទឹងខ្នងលើសរុប ៦ម៉ែត្រ ចាប់ផ្ដើមពីផ្លូវលេខ៧ ត្រង់ចំណុចភូមិចង្កង់ ឃុំចង្ក្រង់ ទៅភូមិថ្មគ្រែ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ ផ្លូវនេះក្នុងក្របខ័ណ្ឌគម្រោងតភ្ជាប់បណ្ដាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ អនុវត្តដោយក្រសួងងអភិវឌ្ឍន៍ជនបទ ក្រោមហិរញ្ញប្បទានធានាពិភពលោក ចាប់ផ្ដើមសាងសង់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ បច្ចុប្បន្នសម្រេចបានវឌ្ឍនភាព ៧៥,៦៤%។ ខ្សែផ្លូវនេះមានអ្នកទទួលផលដោយផ្ទាល់ ចំនួន ៧៥១ គ្រួសារ ស្មើនឹង ៣ ០០៤នាក់ និងអ្នកទទួលផលដោយប្រយោល ចំនួន៣ ១៤១គ្រួសារ ស្មើនឹង ១២ ៥៦៤នាក់។

ក្នុងឱកាសពិនិត្យការដ្ឋាននោះ លោករដ្ឋមន្ដ្រី បានណែនាំដល់ទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនទទួលការសាងសង់ប្រចាំការនៅការដ្ឋានផ្ទាល់ អនុវត្តឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងពន្លឿនការងារសាងសង់ឱ្យលឿន ស្របតាមកិច្ចសន្យាការងារ ដើម្បីបានបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននោះ។

បន្ទាប់ពីបានពិនិត្យវឌ្ឍនភាពសាងសង់ផ្លូវរួចមក លោករដ្ឋមន្ដ្រី បានអញ្ជើញពិនិត្យការរៀបចំទីតាំងប្រារព្ធពិធីបើកការដ្ឋានស្ថាបនាផ្លុវជនបទក្រាលកៅស៊ូពីរជាន់ ចំនួន ១៤ខ្សែ ប្រវែងសរុប ១៣៤,៤០គីឡូម៉ែត្រ ស្ថិតនៅក្នុងខេត្តក្រចេះ ដែលគ្រោងរៀបចំពិធីនាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ស្អែកនេះ៕






