ព័ត៌មានជាតិ

ប្រទេសរុស្ស៊ី មានទុនបំរុងជាមាសឈានដល់កម្រិតខ្ពស់ ដែលមានតម្លៃ ៣១០ពាន់លានដុល្លារ និងជាអ្នកវិនិយោគមាសធំជាងគេទី ៥ នៅលើពិភពលោក

បរទេស៖ ធនាគារកណ្តាលរបស់ប្រទេសរុស្ស៊ី បានប៉ាន់ប្រមាណថា ទុនបំរុងមាសរបស់រុស្ស៊ីបានឈានដល់កម្រិតខ្ពស់ ដែលមានតម្លៃ ៣១០ ពាន់លានដុល្លារ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា មាសដែលលោហធាតុដ៏មានតម្លៃ ដែលត្រូវបានចាត់ទុកជាប្រពៃណីថាជាការការពារប្រឆាំងនឹងអតិផរណា និងការប្រែប្រួលរូបិយប័ណ្ណ គឺបានបំបែកកំណត់ត្រាជាប្រវត្តិសាស្ត្រចំនួន ៤.០០០ ដុល្លារមួយអោន នៅក្នុងខែតុលា, នៅឆ្នាំ ២០២៣ មាសបានជួញដូរក្រោម ២.០០០ដុល្លារ ក្នុងមួយអោន។

យោងតាមស្ថិតិដែលចេញផ្សាយដោយធនាគារនៃប្រទេសរុស្ស៊ី ទុនបំរុងមាសរបស់ប្រទេសមានចំនួន ៣១០,៧ ពាន់លានដុល្លារគិតត្រឹមថ្ងៃទី ១ ខែធ្នូ។ ការប៉ាន់ប្រមាណនេះបង្ហាញថា ការវិនិយោគរបស់ទីក្រុងមូស្គូក្នុងមាសបានកើនឡើងចំនួន ៩២ ពាន់លានដុល្លារក្នុងរយៈពេល១២ខែកន្លងមកនេះ។

កាលពីខែមុន ក្រុមប្រឹក្សាមាសពិភពលោក (WGC) បានចាត់ចំណាត់ថ្នាក់ប្រទេសរុស្ស៊ីថា ជាអ្នកវិនិយោគមាសធំជាងគេទី ៥ នៅលើពិភពលោក ដោយកំពូលទាំងបួនរួមសហរដ្ឋអាមេរិក អាល្លឺម៉ង់ អ៊ីតាលី និងបារាំង។

ទន្ទឹមនឹងនេះនៅឯវេទិកា Russia Calling! ដែលជាវេទិកាវិនិយោគកាលពីថ្ងៃអង្គារ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ខណៈពេលដែលប្រទេសរុស្ស៊ី “ពិតជាមានអារម្មណ៍ថាមានសម្ពាធពីខាងក្រៅ” ក្នុងទម្រង់នៃការដាក់ទណ្ឌកម្មរបស់បស្ចិមប្រទេស “ប្រទេស និងសេដ្ឋកិច្ចរបស់យើងបានទទួលជោគជ័យក្នុងពេលបញ្ហាប្រឈមទាំងនោះ “។

លោកបានបញ្ជាក់ថា សេដ្ឋកិច្ចរុស្ស៊ីត្រូវបានគេរំពឹងថានឹងមានកំណើនពី ០,៥ ទៅ ១ ភាគរយនៅឆ្នាំនេះ៕

ប្រែសម្រួលៈ ណៃ តុលា

To Top