ក្រសួងមហាផ្ទៃកម្ពុជា ចាត់ទុកការវាយប្រហារ ពីភាគីថៃ លើទឹកដីកម្ពុជា ថា «ជាឧក្រិដ្ឋកម្មសង្គ្រាម មានផែនការច្បាស់លាស់»
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការវាយប្រហារយ៉ាង កំរោលរបស់ភាគីថៃ មកលើដែនអធិបតេយ្យកម្ពុជា ថា «ជាឧក្រិដ្ឋកម្មសង្គ្រាម មានផែនការច្បាស់លាស់» ។
តាមរយៈសេចក្តីថ្កោលទោសរបស់ ក្រសួងមហាផ្ទៃកម្ពុជា នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ ថា ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ប្រកាសថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុត លើយោធា និងកម្លាំង ប្រដាប់អាវុធចម្រុះថៃ ដែលបើកការវាយប្រហារយ៉ាងកំរោល លើដែនអធិបតេយ្យកម្ពុជា ចាប់ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ ២០២៥ រហូតមកដល់ថ្ងៃនេះ។
ក្រោមហេតុផលនយោបាយផ្ទៃក្នុង ចំពោះមុខ និងផលចំណេញនយោបាយ ទៅអនាគត រដ្ឋាភិបាលថៃ បានប្រកាសដោយចំហ និងបើកដៃឱ្យក្រុមយោធា វាយប្រហារយ៉ាងយង់ឃ្នង ដោយ ប្រើប្រាស់អាវុធគ្រប់ធុន យុទ្ធោបករណ៍បច្ចេកវិទ្យាទំនើបៗ និងយន្តហោះចម្បាំង ជាច្រើនប្រភេទ បាញ់ស្រោច ផ្លោង ទម្លាក់ ជញ្ជាំ មិនគិតពីតំបន់ស៊ីវិល និងសុវត្ថិភាពប្រជាពលរដ្ឋខ្មែរស្លូតត្រង់ ខណៈកងកម្លាំងប្រដាប់អាវុធ ចម្រុះរបស់កម្ពុជា បានបន្តឈរជើងរក្សាភាព អត់ធ្មត់កម្រិតខ្ពស់លើដែនអធិបតេយ្យជាតិ ដើម្បីធានាអនុវត្តតាម សេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ។
ក្រសួងមហាផ្ទៃកម្ពុជា គូសបញ្ជាក់ថា «ជាឧក្រិដ្ឋកម្មសង្គ្រាមមានផែនការច្បាស់លាស់ បន្ទាប់ពីបានព្យាយាមបង្កហេតុជារឿយៗ និងបើកការ វាយប្រហារលើកម្ពុជាផ្ទួនៗ ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ បន្តមកដល់ថ្ងៃទី៨ធ្នូនេះ យោធា និងកម្លាំងប្រដាប់ អាវុធចម្រុះថៃ បានពង្រីកគោលដៅវាយប្រហារ ជាច្រើនកន្លែង លើភូមិសាស្ត្រខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ»។
ក្នុងក្របខ័ណ្ឌស៊ីវិល មានពលរដ្ឋកម្ពុជា រាប់ពាន់គ្រួសារ ដែលភាគច្រើនទើបបានវិល ពីជំរុំភៀសសឹកមកលំនៅឋានវិញនោះ បានបន្តភៀសខ្លួន ទៅកាន់តំបន់សុវត្ថិភាពជាថ្មីទៀត ចាប់ពីយប់ថ្ងៃទី៧ ខែធ្នូ មក ខណៈកុមារតូចៗរាប់ពាន់នាក់ បានបង្ខំចិត្តរត់ចេញពីសាលារៀនទាំងព្រឹកព្រលឹមថ្ងៃទី៨ ខែធ្នូនេះ បន្ទាប់ពីឮសំឡេងយន្តហោះ F16 និងគ្រាប់ផ្ទុះខ្លាំងឡើងៗបាញ់ចេញពីប្រទេសថៃ ទាំងតាមជើងគោក និង អាកាស។ គិតមកត្រឹមរសៀលថ្ងៃទី៨ ខែធ្នូនេះ មានជនស៊ីវិល រួមទាំងកុមារតូចៗជាច្រើនរយនាក់ទៀត ត្រូវបង្ខំ ចិត្តលាក់ខ្លួនក្នុងទីតាំងសុវត្ថិភាពក្រោមដីក្បែរផ្ទះសំបែងនៅឡើយ។ តុល្យការចុងក្រោយ មានពលរដ្ឋខ្មែរស្លាប់ របួស និងមានការខូចខាតហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ព្រមទាំងផ្ទះសំបែងប្រជាពលរដ្ឋស៊ីវិលជាច្រើនកន្លែង។
ក្នុងស្ថានភាពកម្លាំងជួរមុខកំពុងឈរជើងយ៉ាងរឹងមាំ ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យភាព ជាតិ កម្លាំងជួរក្រោយ រួមមានថ្នាក់ដឹកនាំ និងរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ រួមទាំងមន្ត្រីនគរបាលជាតិ កងរាជអាវុធហត្ថ មន្ត្រីសុខាភិបាល យុវជនស្ម័គ្រចិត្ត និងប្រជាការពារ បានកំពុងប្រកៀកស្នាអន្តរាគមន៍ជួយ សង្គ្រោះពលរដ្ឋរងរបួស និងពលរដ្ឋភៀសសឹក ប្រកបដោយស្មារតីជាតិនិយម និងទំនួលខុសត្រូវខ្ពស់បំផុត។
ជាថ្មីទៀត ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា អំពាវនាវសហគមន៍អាស៊ាន អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ចូលរួមតាមដាន ថ្កោលទោស និងមានចំណាត់ការស្របតាមច្បាប់ និងគោលការណ៍ អន្តរជាតិ ចំពោះឧក្រិដ្ឋកម្មដ៏យង់ឃ្នងព្រៃផ្សៃរបស់រដ្ឋាភិបាល យោធា និងកម្លាំងចម្រុះថៃ ដែលបំពានយ៉ាង ធ្ងន់ធ្ងរលើធម្មនុញ្ញអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស អនុសញ្ញាប្រឆាំងការធ្វើទារុណកម្ម និងធម្មនុញ្ញអាស៊ានជាដើម៕
