អភិបាលខេត្តសៀមរាប ណែនាំរដ្ឋបាលក្រុង ស្រុក ត្រូវផ្គត់ផ្គង់ស្បៀងឱ្យបានគ្រប់គ្រាន់ ដល់ជនភៀសសឹក
សៀមរាប ៖ លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានណែនាំដល់រដ្ឋបាលក្រុង ស្រុក ទាំងអស់ ត្រូវរៀបចំកន្លែងស្នាក់នៅ ថែទាំសុខភាព និងផ្គត់ផ្គង់ស្បៀងឱ្យបានគ្រប់គ្រាន់ដល់ជនភៀសសឹក ដែលមកស្នាក់ក្នុងខេត្តសៀមរាប។

ការណែនាំរបស់ លោក ប្រាក់ សោភ័ណ នាឱកាសអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខ ត្រួតពិនិត្យប៉ុស្តិ៍សុខភាព និងកន្លែងស្នាក់នៅបណ្តោះអាសន្នជូនបងប្អូនប្រជាពលរដ្ឋដែលបានភៀសសឹកពីតំបន់សមរភូមិមកទីតាំងសុវត្ថិភាព ដែលរៀបចំដោយរដ្ឋបាលខេត្ត នៅវត្តប្រាសាទបូទុមមោង ស្ថិតនៅភូមិមោងខាងត្បូង ឃុំមោង ស្រុកស្រីស្នំ ខេត្តសៀមរាប នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥។

លោក អភិបាលខេត្ត បានណែនាំដល់រដ្ឋបាលក្រុង ស្រុកទាំងអស់ត្រូវរៀបចំកន្លែងស្នាក់នៅ ថែទាំសុខភាព និងផ្គត់ផ្គង់ស្បៀងឱ្យបានគ្រប់គ្រាន់ដល់បងប្អូនជនភៀសសឹកដែលមកស្នាក់នៅក្នុងខេត្តរបស់យើង ចៀសវាងមានការខ្វះខាត។ លោកថា «ជាមួយគ្នានេះ សូមរដ្ឋបាលក្រុង ស្រុកត្រូវចិត្តទុកដាក់ខ្ពស់ចំពោះសុខភាព និងអនាម័យបរិស្ថានឱ្យបានល្អចៀសវាងមានជំងឺឆ្លងដោយប្រការណាមួយ»។


លោក អភិបាលខេត្ត ក៏បានជម្រាបដល់ជនភៀសសឹកទាំងអស់មានបញ្ហាអ្វីកើតឡើងសូមរាយការណ៍ទៅក្រុមការងារក្រុង ស្រុក ដែលបានប្រចាំការនៅទីតាំងសុវត្ថិភាពរបស់បងប្អូន ចៀសវាងមានការខ្វះខាតណាមួយដែលក្រុមការងារមិនបានដឹង និងសូមបងប្អូនថែទាំសុខភាព ឱ្យបានល្អ ព្រមទាំងជឿទុកចិត្តរាជរដ្ឋាភិបាលក្នុងការដោះស្រាយរាល់បញ្ហាដែលបានកើតឡើងនៅតាមបន្ទាត់ព្រំដែនេះ៕
