ជម្លៀសជនជាប់ឃុំ ១០៦៦នាក់ ពីពន្ធនាគារខេត្តឧត្តរមានជ័យ ដែលមានហានិភ័យខ្ពស់ដោយការទម្លាក់គ្រាប់បែក និងគ្រាប់ផ្លោងពីការឈ្លានពានរបស់សៀម
ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅរាត្រីទី០៨ ខែធ្នូ ឆ្នាំ២០២៥ ជម្លៀសជនជាប់ឃុំ ចំនួន១០៦៦នាក់ ពីពន្ធនាគារខេត្តឧត្តរមានជ័យ ដែលមានហានិភ័យខ្ពស់ដោយការទម្លាក់គ្រាប់បែក និងគ្រាប់ផ្លោងពីការឈ្លានពានសៀម ទៅឃុំបន្តនៅពន្ធនាគារខេត្តសៀមរាប។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានពន្ធនាគារ បានបញ្ជាក់ថា ប្រតិបត្តិការនេះ ធ្វេីឡេីងដោយទទួលបានគោលការណ៍អនុញ្ញាត និងមតិដឹកនាំដ៏ខ្ពង់ខ្ពស់ពី លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រី្តក្រសួងមហាផ្ទៃ, លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ រួមជាមួយសហការី និងមានកិច្ចសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ អាជ្ញាធរខេត្តពាក់ព័ន្ធ បានធ្វើការជម្លៀសជនជាប់ឃុំ ចំនួន១០៦៦នាក់ ស្រី៦៧នាក់ ពីពន្ធនាគារខេត្តឧត្តរមានជ័យ ដែលមានហានិភ័យខ្ពស់ដោយការទម្លាក់គ្រាប់បែក និងគ្រាប់ផ្លោងពីការឈ្លានពានសៀម ទៅឃុំបន្តនៅពន្ធនាគារខេត្តសៀមរាប។
ក្នុងប្រតិបត្តិការផ្ទេរនេះត្រូវបានបិទបញ្ចប់នៅថ្ងៃ៩ខែឆ្នូ ឆ្នាំ ២០២៥ វេលាម៉ោង៤:៤០ នាទីទៀបភ្លឺ ប្រកបដោយសុវត្ថិភាពខ្ពស់ ដោយប្រើប្រាស់រថយន្តសរុបចំនួន៣២គ្រឿង និងមន្ត្រីសរុបចំនួន២២១នាក់៕






