ពលរដ្ឋខ្មែរ ស្លាប់២នាក់ ដោយសារគ្រាប់ផ្លោងថៃ នៅខេត្តបន្ទាយមានជ័យ
ភ្នំពេញ៖ ក្រសួងការពារជាតិ សូមជម្រាបជូននូវស្ថានការណ៍ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃ បានបើកការបាញ់ប្រហារ មកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ៖
យោធាថៃ បានធ្វើសកម្មភាព បាញ់ប្រហារបន្តរហូតឥតដាច់ស្ទើរ ពេញមួយយប់ នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ នៅវេលាម៉ោង ១២:៥៩នាទីរំលង អាធាត្រចូល ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃ បានឈានបើកការបាញ់ប្រហារ មកលើ កម្ពុជាកាន់តែខ្លាំងឡើង នៅភូមិសាស្ត្រស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិល ដែលកំពុងធ្វើដំណើរលើផ្លូវជាតិលេខ៥៦ បាត់បង់ជីវិតចំនួន ២នាក់ ដោយសារគ្រាប់ផ្លោង របស់យោធាថៃ ។
ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទបន្តគោរព និងអនុវត្តឥតងាករេ នូវរាល់ការសម្រេចចិត្ត របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដី ព្រមទាំងសុខសុវត្ថិភាពរបស់ប្រជាជនកម្ពុជា ដោយមិនអនុញ្ញាតឱ្យប្រទេសណាមួយ ឈ្លានពានដោយខុសច្បាប់ មកលើទឹកដីរបស់ខ្លួនបានជាដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ ។
