ព័ត៌មានជាតិ

អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ជំរុញ​ឲ្យ​កម្ពុជា និងថៃ អត់ធ្មត់ និងសន្ទនា​គ្នា ដើម្បី​ដោះស្រាយ​ជម្លោះ​ព្រំដែន

បរទេស៖ : ទាក់ទិន​នឹង​របាយការណ៍​នៃ​ការ​ប៉ះ​ទង្គិច​ប្រដាប់​អាវុធ​ជា​ថ្មី​រវាង​កម្ពុជា ថៃ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បានជំរុញ​ឲ្យ​មាន​ការ​អត់ធ្មត់ និងការ​សន្ទនា​ដើម្បី​ដោះស្រាយ​ជម្លោះ​ព្រំដែន។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់អង្គការសហប្រជាជាតិ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ​លោក Antonio Guterres មានការព្រួយបារម្ភចំពោះរបាយការណ៍នៃការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធជាថ្មីរវាងកម្ពុជា និងថៃ ជាពិសេសការវាយប្រហារតាមអាកាសដែលបានរាយការណ៍ និងការចល័តឧបករណ៍ធុនធ្ងន់នៅតំបន់ព្រំដែន។ លោក​ជំរុញ​ឱ្យ​ភាគី​ទាំង​ពីរ​អត់ធ្មត់ និង​ចៀសវាង​ការ​កើនឡើង​នៃភាពតានតឹងបន្ថែម​ទៀត ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែល បានឱ្យដឹងទៀតថា វិវាទ​ព្រំដែន​រវាង​កម្ពុជា​និង​ថៃ​ បាន​បណ្តាល​ឲ្យ​មាន​ជន​ស៊ីវិល​ស្លាប់​និង​របួស​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​រួច​មក​ហើយ ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល និង​ការ​ភៀសខ្លួន​នៅ​សងខាង​ព្រំដែន។ លោកអគ្គលេខាធិការសង្កត់ធ្ងន់ថា ភាគីទាំងពីរត្រូវតែការពារជនស៊ីវិល និងជួយសម្រួលដល់ការសង្គ្រោះមនុស្សធម៌។

អគ្គលេខាធិការអង្គការសហប្រជាជាតិបានរំលឹកឡើងវិញនូវការអំពាវនាវរបស់លោកដល់ភាគីឱ្យត្រឡប់ទៅក្របខ័ណ្ឌនៃសេចក្តីថ្លែងការណ៍រួមដែលបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួរនៅថ្ងៃទី២៦ ខែតុលា ប្តេជ្ញាឡើងវិញចំពោះបទឈប់បាញ់ និងអនុវត្តវិធានការកាត់បន្ថយការកើនឡើងភាពតានតឹង និងការកសាងទំនុកចិត្ត។ លោក​អំពាវនាវ​ឲ្យ​ភាគី​ទាំងពីរ​ប្រើប្រាស់​គ្រប់​យន្តការ​ទាំងអស់​សម្រាប់​ការសន្ទនា ដើម្បី​ស្វែងរក​ដំណោះស្រាយ​យូរអង្វែង​នៃ​ជម្លោះ​តាមរយៈ​មធ្យោបាយ​សន្តិវិធី។

អង្គការសហប្រជាជាតិ ត្រៀមខ្លួនរួចជាស្រេច ដើម្បីគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែង សំដៅលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ក្នុងតំបន់។

To Top