បារាំងជឿថា មាគ៌ាតែមួយគត់ ដោះស្រាយជម្លោះ ព្រំដែនកម្ពុជា-ថៃ គឺតាមរយៈកិច្ចសន្ទនា
ភ្នំពេញ ៖ ប្រទេសបារាំង បានបង្ហាញការជឿជាក់ថា ផ្លូវតែមួយសម្រាប់ការ ដោះស្រាយជម្លោះព្រំដែន កម្ពុជា-ថៃសាជាថ្មី គឺមានតែតាមរយៈកិច្ចសន្ទនាប៉ុណ្ណោះ ។
យោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងអឺរ៉ុប និង ការបរទេសបារាំង នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ ស្តីពីភាពតានតឹង ដែលកើតមានឡើង សាជាថ្មី រវាងប្រទេសថៃ និងប្រទេសកម្ពុជា កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ គឺប្រទេសបារំាង មានការព្រួយបារម្ភដែលបង្កឱ្យមានជនរងគ្រោះថ្មីៗ ។ ប្រទេសបារំាងអំពាវនាវ ឱ្យមានការគោរពពេញលេញ និងការអនុវត្តជាក់ស្តែង នូវបទឈប់បាញ់ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមធ្វើឡើង ដោយនាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរ ដែលត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលា ក្នុងអំឡុង កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅទីក្រុងគូឡាឡាំពួរ។
សេចក្តីថ្លែងការណ៍បន្តថា ប្រទេសបារំាងបញ្ជាក់សាជាថ្មី នូវការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង សម្របសម្រួលធ្វើឡើងដោយអាស៊ាន ជាពិសេសដោយនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ឯកឧត្តមអាន់វ៉ា អ៊ីប្រាហ៊ីម ក្នុងនាមជាប្រធាន អាស៊ានឆ្នាំ២០២៥ ។
ដោយប្រទេសបារំាងជឿជាក់ថា មាគ៌ាតែមួយគត់ ដើម្បីដោះស្រាយជម្លោះ ប្រកបដោយចីរភាព និងសន្តិវិធី គឺធ្វើឡើងតាមរយៈការបន្តកិច្ចសន្ទនាឡើងវិញ ការគោរព ច្បាប់អន្តរជាតិ និងការប្តេជ្ញាចិត្តនានា ដែលប្រទេសទាំងពីរបានធ្វើឡើងជាមួយដៃគូអាស៊ាន៕
