ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមទទួលអំណោយ គ្រប់ប្រភេទពីសប្បុរជន ដើម្បីចែកជូនវីរកងទ័ពជួរមុខ និងពលរដ្ឋភៀសខ្លួន នៅមណ្ឌលសុវត្ថិភាព

ភ្នំពេញ ៖ ក្នុងបុព្វហេតុមនុស្សធម៌ ដើម្បីចូលរួមគាំទ្រ និងលើកទឹកចិត្ត ដល់វីរកងទ័ពជួរមុខកម្ពុជា ដែលបាននឹងកំពុង ប្រយុទ្ធយ៉ាងអង់ អាចក្លាហាន ដើម្បីការពារ បូរណភាពទឹកដី តតាំងជាមួយកងកម្លាំង ប្រដាប់អាវុធថៃ ដែលនៅតែចិញ្ចឹម ចិត្តឈ្លានពាន មកលើដែនអធិបតេយ្យភាព របស់កម្ពុជា ម្តងហើយម្តងទៀត ឥតឈប់ឈរ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំទទួលនូវអំណោយគ្រប់ប្រភេទដូចជា៖ ថវិកា ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់នានា ព្រមទាំងថ្នាំពេទ្យ ដើម្បីយកទៅចែកជូនដល់វីរកងទ័ពជួរមុខ ដែលបាននឹងកំពុងខិតខំ តស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា យ៉ាងអង់អាចក្លាហាន មុះមុត ប្រឆាំងនឹងសត្រូវឈ្លានពាន ប្រកបដោយស្មារតី ស្នេហាជាតិមាតុភូមិ និងចែកជូនបងប្អូន ប្រជាពលរដ្ឋ ដែលត្រូវបានជម្លៀសខ្លួន មកកាន់មណ្ឌលសុវត្ថិភាពនានា ។

ក្នុងន័យនេះ រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវសប្បុរសជន, អភិបាលខណ្ឌ, ប្រធានមន្ទីរ-អង្គភាពចំណុះ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមបរិច្ចាគអំណោយជាថវិកា ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ផ្សេងៗ ឬថ្នាំពេទ្យតាមលទ្ធភាព និងសទ្ធាជ្រះថ្លា រៀងៗខ្លួន។

រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់លើស្មារតី និងទឹកចិត្តសប្បុរសធម៌ របស់អស់លោក លោកស្រី ដែលជាវប្បធម៌ នៃការចែករំលែកក្នុងស្មារតី ភាតរភាពរបស់ប្រជាជាតិខ្មែរយើង ដែលជាខឿនការពារជាតិ។

អំណោយទាំងអស់ សូមមេត្តាយកមកប្រគល់ជូន នៅសាលារាជធានីភ្នំពេញ អគារលេខ៦៩ មហាវិថី ព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ រៀងរាល់ថ្ងៃ ឬបង្វែរតាមគណនីធនាគារ ABA របស់ រដ្ឋបាលរាជធានីភ្នំពេញ ៖ PHNOM PENH CAPITAL HALL លេខ៖ 599 778 899 (KHR) និងលេខ ៖ 399 778 899 (USD)៕
ដោយ៖​ ដារាត់| ដើមអម្ពិល

To Top