ក្រុមនិស្សិតខ្មែរ កំពុងសិក្សានៅប្រទេសកូរ៉េ ជួបជុំគ្នាថ្កោលទោស ចំពោះការបាញ់ប្រហារ ពីសំណាក់យោធាថៃ មកលើដែនអធិបតេយ្យកម្ពុជា
ភ្នំពេញ៖ ក្រុមនិស្សិតខ្មែរប្រមាណ ៤០នាក់ ដែលស្ថិតនៅក្នុងសមាគមនិស្សិតនៅសាធារណរដ្ឋកូរ៉េ បានជួបជុំគ្នានៅថ្ងៃទី៨ ខែធ្នូ ដោយបានថ្កោលទោស យ៉ាងដាច់អហង្ការ ចំពោះការបាញ់ប្រហារ ពីសំណាក់កងកម្លាំងថៃ មកលើដែនអធិបតេយ្យកម្ពុជា ដែលបានបណ្ដាលឱ្យប្រជាពលរដ្ឋ ស្លូតត្រង់កម្ពុជាស្លាប់ និងរបួសមួយចំនួន នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥។

ការថ្កោលទោសនេះ គឺបន្ទាប់ពីយោធាថៃ បានធ្វើការឈ្លានពានសារជាថ្មី មកលើដែនអធិបតេយ្យរបស់កម្ពុជា ចាប់ពីរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥មក ដោយបានប្រើប្រាស់ អាវុធធុនតូច និងធុនធំ ដោយកំរោលនិងមិនរើស គោលដៅយ៉ាងសាហាវព្រៃផ្សៃ ដែលបានធ្វើឱ្យប្រជាជនស៊ីវិលកម្ពុជាមួយចំនួនបានស្លាប់ និងរងរបួស ផ្ទះសម្បែងជាច្រើនខ្នង ត្រូវបានបំផ្លាញ សិស្សសាលា ក្មេងចាស់ ប្រុសស្រី ត្រូវបង្ខំចិត្តភៀសខ្លួនរកទីកន្លែង សុវត្ថិភាពបណ្តោះអាសន្នភ្លាមៗ។
តាមរយៈសារជាភាសាខ្មែរ អង់គ្លេស និង ភាសាកូរ៉េផងនោះ ក្រុមនិស្សិតខ្មែរដែលកំពុងសិក្សា នៅប្រទេសកូរ៉េខាងត្បូងទាំងនោះ ក៏បានលើកឡើងថា ប្រទេសកម្ពុជា ត្រូវការសន្តិភាព និងយុត្តិធម៌។

ជាមួយគ្នានេះ ក្រុមនិស្សិតខ្មែរ ក៏បានប្ដេជ្ញាចូលរួមជួយផ្សព្វផ្សាយតាមគ្រប់មធ្យោបាយអំពីការឈ្លានពានម្តងហើយម្តងទៀត ពីសំណាក់កងទ័ពថៃមកលើដែនអធិបតេយ្យរបស់កម្ពុជា ដើម្បីឱ្យមិត្តភក្តិកូរ៉េ ក៏ដូចជាមិត្តភក្តិបរទេសដទៃទៀត ដឹងអំពីការពិតជាក់ស្តែង៕
