សមត្ថកិច្ចប្រគល់ទូរសព្ទដៃ ដល់ជនរងគ្រោះ ទាំង៧នាក់វិញហើយ ក្រោយឃាត់ខ្លួនជនសង្ស័យ ដែលធ្វើសកម្មភាព លួចទូរសព្ទដៃពលរដ្ឋ នៅផ្លូវថ្មើរជើង
ភ្នំពេញ៖ ក្រុមជនសង្ស័យ ដែលបានធ្វើសកម្មភាព លួចយកទូរសព្ទដៃ ពីបងប្អូនប្រជាពលរដ្ឋ៧នាក់ ដើរលេងនៅ លើផ្លូវថ្មើជើងចតុមុខ (Walk street) កាលពីពេលថ្មីៗនេះ ត្រូវបានសមត្ថកិច្ចប៉ូលីសការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនបានហើយ ហើយទូរសព្ទដៃទាំងអស់ ដែលចោរលួចយក ក៏ត្រូវបានសមត្ថកិច្ចរកឃើញមកវិញ និងបានប្រគល់ ជូនជនរងគ្រោះរួចរាល់ កាលពីល្ងាចថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា មុននឹងឈានដល់ការឃាត់ខ្លួនជនសង្ស័យ ជាមួយនឹងការដកហូត បានទូរសព្ទដៃ មកវិញនេះ ធ្វើឡើងក្រោយពីមានបណ្ដឹង របស់ជនរងគ្រោះទាំង៧នាក់ និងក្រោយពីសមត្ថកិច្ច បានឆែកមើលកាមេរ៉ាសុវត្ថិភាព របស់សាលារាជធានីភ្នំពេញ ដែលបានបំពាក់នៅលើដងផ្លូវថ្មើជើងចតុមុខ (Walk street) ទើបកម្លាំងមានសមត្ថកិច្ច នៃនគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ កំណត់មុខសញ្ញាបាន រហូតឈានទៅ ដល់ការឃាត់ខ្លួន បានជនសង្ស័យទាំងនេះ មកអនុវត្តទោស
ទៅតាមច្បាប់តែម្តង ។

ជាមួយនឹងការងារ បង្ក្រាបលើករណីនេះ អាជ្ញាធររាជធានីភ្នំពេញ ដែលដឹកនាំដោយ លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ និងជាប្រធាន គណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ និងបានលើកទឹកចិត្ត ទៅដល់កងកម្លាំងប៉ូលីសការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញផងដែរ ដែលបានខិតខំប្រឹងប្រែងស្រាវជ្រាវ កំណត់មុខសញ្ញា រហូតឈានដល់ការបង្ក្រាប ជនសង្ស័យបាន ព្រមទាំងដកហូត ទូរសព្ទដៃទាំងនេះ ពីហាងបញ្ចាំយកមក ប្រគល់ជូនរងគ្រោះវិញ នាវេលាម៉ោង១៧:៣០នាទីល្ងាច ថ្ងៃទី៨ ខែធ្នូ២០២៥នេះ៕
ដោយ៖ ដារាត់| ដើមអម្ពិល





