អ្នកនាំពាក្យការពារជាតិ បង្ហាញរបាយការណ៍ថៃ បាញ់ប្រហារលើកម្ពុជា នៅព្រឹកថ្ងៃ៩ ធ្នូ
ភ្នំពេញ ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យ ក្រសួងការពារជាតិកម្ពុជា បានរាយការណ៍ ពីស្ថានការណ៍ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងយោធភូមិភាគ ទី៥ និងយោធភូមិភាគទី៤ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ដូចតទៅ ៖
ភាគីថៃបានបន្តរំលោភបំពានលើបទឈប់បាញ់ និង«សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ» ដែលភាគីកម្ពុជានិងភាគីថៃ បានចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយបន្តធ្វើសកម្មភាព ឈ្លានពានប្រដាប់អាវុធសាជាថ្មី មកលើបូរណភាពទឹកដីរបស់កម្ពុជា ដោយការប្រើប្រាស់កម្លាំងយោធា។
កងយោធពលខេមរភូមិន្ទ គោរពជានិច្ចនូវការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី និងការពារបូរណភាពទឹកដី ក្នុងដែនអធិបតេយ្យរបស់កម្ពុជា និងគោរពនូវបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃយ៉ាងម៉ឺងម៉ាត់ និងការពារសុខសុវត្ថិភាព របស់ប្រជាជនស៊ីវិលស្លូតត្រង់។
ដោយសារសកម្មភាពដ៏គឃ្លើន របស់យោធាថៃ ដែលបានបើកការបាញ់ប្រហារមុន និងឈ្លានពានមកលើដែន អធិបតេយ្យស្របច្បាប់របស់កម្ពុជា កងកម្លាំងកម្ពុជា គ្មានជម្រើសអ្វីក្រៅពីការប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន ប្រយុទ្ធប្រឆាំងនឹងការឈ្លានពានខុសច្បាប់ មកលើបូរណភាពទឹកដីកម្ពុជា ដោយយោធាថៃ ដូចមានចែងក្នុងមាត្រា ៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ។ ក្នុងន័យនេះ កងយោធពលខេមរភូមិន្ទ ប្តេជ្ញាចិត្តឥតងាករេ ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសុវត្ថិភាពរបស់ប្រជាជន ប្រឆាំងនឹងអំពើឈ្លាន ពានដ៏កំរោល និងសាហាវឃោរឃៅរបស់ថៃមកលើកម្ពុជា។
ទង្វើដ៏កំរោល និងខុសច្បាប់ របស់ភាគីថៃនេះ ក៏ជាការរំលោភយ៉ាងធ្ងន់ធ្ងរបំផុតនូវបទឈប់បាញ់ ដែលប្រទេសទាំងពីរ បានឯកភាពគ្នា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ដែលមានម៉ាឡេស៊ី សហរដ្ឋអាម៉េរិក និងចិនធ្វើជាសាក្សី និង សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀង សន្តិភាពរវាងកម្ពុជានិងថៃ ដែលភាគីទាំងពីរ បានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលជាកិច្ចខិតខំប្រឹងប្រែងដោយផ្ទាល់របស់ ឯកឧត្តមប្រធានាធិបតី ដូណាល់ត្រាំ និង ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ក៏ដូចជាកិច្ចព្រមព្រៀងទ្វេភាគីទាំងឡាយដែល សម្រេចបាននៅកិច្ចប្រជុំវិសាមញ្ញ និងកិច្ចប្រជុំពិសេស នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) និងគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC)។
ចំពោះ នៅក្នុងយោធភូមិភាគទី៥ ចាប់តាំងពីវេលាម៉ោង ២០:៣៩នាទីយប់ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់វេលាម៉ោង ០៨:០០នាទី ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានធ្វើសកម្មភាពបាញ់ផ្លោងយ៉ាងខ្លាំងចូលភូមិជោគជ័យ ភូមិព្រៃចាន់ និងបានបង្ហោះដ្រូនស៊ើបការណ៍ នៅក្នុងភូមិសាស្ត្របឹងត្រកួន និងបានពង្រីកភូមិសាស្ត្រ ចូលបឹងព្រីង, ស្រុកថ្មពួក និងភូមិសាស្ត្រស្រុកកំរៀង ខេត្តបាត់ដំបង ដោយបានប្រើប្រាស់អាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ជាច្រើនប្រភេទ និងបាញ់ផ្សែង។ ក្នុងសកម្មភាពបាញ់ប្រហាររបស់យោធាថៃដែលបានផ្លោងចូលមកនៅក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលដែលកំពុងធ្វើដំណើរលើផ្លូវជាតិលេខ៥៦ បាត់បង់ជីវិត ចំនួន ២នាក់ ដោយសារគ្រាប់ផ្លោងរបស់យោធាថៃ។
បន្ទាប់មកនៅវេលាម៉ោង ០៤:៥៨នាទី ដល់វេលាម៉ោង០៥:២៥នាទី យោធាថៃបានប្រើប្រាស់ដ្រូនខ្នាតធំហោះស៊ើបការណ៍ និងដ្រូនទម្លាក់គ្រាប់បែកចូលដល់ក្នុង ភូមិសាស្ត្រភ្នំត្រង៉ោល ហើយយោធាថៃ បានធ្វើសកម្មភាព បាញ់ផ្សែង ពុលមកលើតំបន់នោះ ។ នៅវេលាម៉ោង ០៥:៣០នាទី ដល់ម៉ោង ០៦:១០នាទី យោធាថៃ បានចាប់ផ្តើមបើកការបាញ់ប្រហារ ដោយប្រើប្រាស់គ្រាប់កាំភ្លើងប្រភេទ ១០៥មម មកលើទីតាំងអូរភ្លុកដំរី គិតមកដល់ម៉ោងនេះយោធាថៃនៅតែបន្តសកម្មភាព បាញ់នៅឡើយ។
ដោយឡែក នៅក្នុងយោធភូមិភាគទី៤ ចាប់តាំងពីវេលាម៉ោង ០៤:៤៥នាទី រហូតដល់វេលាម៉ោង ០៨:០០នាទី ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានបើកការបាញ់ប្រហារ នៅក្នុងតំបន់ភ្នំខ្មោច នឹងបានពង្រីកភូមិសាស្រ្តនៃការវាយប្រហារទៅ ដល់តំបន់ផ្សេងៗទៀតរួមមាន ៖ តាថាវ, ប្រាសាទតាមាន់, ប្រាសាទតាក្របី, ប្រាសាទព្រះវិហារ, ប្រាសាទខ្នារ, វាលឥន្ទ្រី, ភ្នំខ្មោច, គោល៨, បស្សុស្បូវ ជាំតែ អានសេះ, ថ្មដូន, អូរស្មាច់, ភ្នំអនុស្សាវរីយ៍, មុខវត្តកែវសិក្ខាគីរិស្វារៈ ដោយបានប្រើ ប្រាស់ដោយបានប្រើប្រាស់អាវុធ និងយុទ្ធោបករណ៍បំផ្លិច បំផ្លាញធុនធ្ងន់គ្រប់ប្រភេទរួមមាន៖ រថក្រោះ,កាំភ្លើងធំ, ថ្មើរជើង និងបានបាញ់ផ្សែងពុល នៅទីតាំងផ្សេងៗទៀត។
យោងតាមព័ត៌មានបឋម ពីអាជ្ញាធរខេត្តបានឱ្យដឹងថា ការបើកការបាញ់ប្រហាររបស់ យោធាថៃទៅលើ ទីតាំងប្រជាជនស៊ីវិល ចាប់តាំងពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ គិតត្រឹមវេលាម៉ោង ៦ព្រឹកនេះ បានបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជាចំនួន ០៧នាក់បាត់បង់ជីវិត និងរបួសចំនួន ២០នាក់។
ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទបន្តគោរព និងអនុវត្តឥតងាករេនូវរាល់ការសម្រេចចិត្ត របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់ អន្តរជាតិ ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដី ព្រមទាំងសុខសុវត្ថិភាពរបស់ ប្រជាជនកម្ពុជា ។ ទន្ទឹងនឹងនេះ កម្ពុជាសូមអំពាវនាវឱ្យភាគីថៃវិល ត្រឡប់មកអនុវត្តវិញ នូវបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍ រួមស្តីពីកិច្ចព្រមព្រៀង សន្តិភាពកម្ពុជាថៃ ដែលចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រោមការធ្វើជាសាក្សី របស់ឯកឧត្តមប្រធានាធិបតី សហរដ្ឋអាម៉េរិកដូណាល់ ត្រាំនិងឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ប្រធានអាស៊ានប្តូរវេន៕
