ក្រសួងអប់រំ ផ្អាកដំណើរការការបង្រៀន និងរៀន ជាបណ្តោះអាសន្ន សម្រាប់គ្រឹះស្ថានសិក្សា តាមបណ្តោយព្រំដែន កម្ពុជា-ថៃ ក្នុងស្រុកជាំក្សាន្ត
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ បានសម្រេចផ្អាកដំណើរការការបង្រៀន និងរៀន ជាបណ្តោះអាសន្នសម្រាប់គ្រឹះស្ថានសិក្សា តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
តាមរយៈសេចក្ដីជូនដំណឹង របស់ក្រសួងអប់រំ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ បានឲ្យដឹងថា ដើម្បីធានាសុខសុវត្ថិ ភាពដល់លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ និងសិស្សានុសិស្សទាំងអស់ បញ្ចៀសបាននូវគ្រោះថ្នាក់ដែល បណ្តាលមកពីការបាញ់ផ្លោងកាំភ្លើងធំ តូច របស់ភាគីថៃ ក្នុងអំឡុងពេលមានការឈ្លានពានមកលើព្រំដែនដី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
មន្ទីរអប់រំ យុវជន និង កីឡាខេត្តព្រះវិហារ សម្រេចអនុញ្ញាតឱ្យគ្រឹះស្ថានសិក្សាទាំងអស់ ដែលស្ថិតនៅជាប់ តាមបណ្តោយព្រំដែន កម្ពុជា ថៃ ក្នុងស្រុកជាំក្សាន្ត នៃខេត្តព្រះវិហារ ផ្អាកដំណើរការបង្រៀន និងរៀនជាបណ្តោះ អាសន្ន ចាប់ពី វេលាម៉ោង ៧ ព្រឹក ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥ នេះរហូតដល់មានការជូនដំណឹងជាថ្មី៕
