ព័ត៌មានជាតិ

អបអរសាទរពិធីបើកការដ្ឋានលើកកម្រិតគុណភាពផ្លូវជនបទចំនួន ១៤ខ្សែ សរុបប្រវែង ១៣៤,៤០ គ.ម. នៅក្នុងខេត្តក្រចេះ ដែលជាការវិនិយោគសាធារណៈរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ

ខេត្តក្រចេះ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវជនបទ ចំនួន ១៤ខ្សែ សរុបប្រវែង ១៣៤,៤០ គ.ម. នៅក្នុងខេត្តក្រចេះ ដែលជាការវិនិយោគសាធារណៈរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមថវិកាហិរញ្ញប្បទានឥណទានពីធនាគារពិភពលោក (WB) ក្នុងគោលដៅបង្កើនការតភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗឱ្យមានភាពរស់រវើក និងជំរុញកំណើនសេដ្ឋកិច្ចនៅតំបន់ជនបទ។

ពិធីដ៏ឱឡារិកនេះ ត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃអង្គារ ៤រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ស្ថិតនៅក្នុងភូមិកន្ទួត ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ ដោយមានវត្តមានអញ្ជើញចូលរួមរបស់ លោក លោកស្រីជាថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ, លោក លោកស្រី តំណាងក្រសួងពាក់ព័ន្ធ, លោកប្រធានក្រុមប្រឹក្សាខេត្ត, លោកអភិបាលនៃគណៈអភិបាលខេត្ត, តំណាងធនាគារពិភពលោក, អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់, លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស, ប្រជាពលរដ្ឋ សរុបប្រមាណ ១ ២០០នាក់។

ជាកិច្ចចាប់ផ្ដើម លោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានធ្វើរបាយការណ៍ស្វាគមន៍ ដោយជម្រាបជូនអំពីស្ថានភាពភូមិសាស្ដ្រ សេដ្ឋកិច្ច និងសង្គមកិច្ច ជាពិសេសការរីកចម្រើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ដនិងគមនាគមន៍ និងកម្រិតជីវភាពរបស់ប្រជាជននៅទូទាំងខេត្តក្រចេះ ។ បន្ទាប់មក លោកជំទាវ ហូ សុវណ្ណិកា រដ្ឋលេខាធិការ និងជានាយកគម្រោង បានធ្វើរបាយការណ៍សង្ខេបអំពីសវតា គម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (RCIP) បានទទួលថវិកាហិរញ្ញប្បទានឥណទានពីធនាគារពិភពលោក ដែលត្រូវសាងសង់ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវក្រាលបេតុង ដែលមានប្រវែងសរុប ២៨៣.២ គ. ម ស្ថិតក្នុងខេត្តគោលដៅចំនួន៣ រួមមាន ខេត្តកំពង់ចាម ត្បូងឃ្មុំ និងខេត្តក្រចេះ។

បន្ទាប់ពីបានស្ដាប់របាយការណ៍ស្វាគមន៍រួចមក លោក ឆាយ ឫទ្ធិសែន បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពទាំងអស់របស់ខេត្ត ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍខេត្តឱ្យមានការរីកចម្រើន និងទទួលបាននូវសមិទ្ធផលនានាលើគ្រប់វិស័យទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដែលធ្វើឱ្យខេត្តក្រចេះកាន់តែមានសម្រស់ស្រស់បំព្រង។

ថ្លែងក្នុងពិធីនោះ លោករដ្ឋមន្រ្ដី បានជម្រាបជូនអំពីយុទ្ធសាស្ដ្របញ្ចកោណ និងចក្ខុវិស័យ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំបន្តវេនប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងការដាក់ឱ្យប្រើប្រាស់នូវគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ ដោយបានកំណត់ចក្ខុវិស័យ“កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយ បរិយាបន្ន សមធម៌ និងចីរភាពទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌”។ ផ្អែកលើយុទ្ធសាស្ដ្រនៃគោលនយោបាយជាតិនេះ ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវអនុវត្តនូវយុទ្ធសាស្រ្តគន្លឹះចំនួន៥ ដែលកម្មវិធីអាទិភាពរបស់ក្រសួង ក្នុងគោលបំណងលើកកម្ពស់គុណភាព និងគុណតម្លៃជីវិតរស់នៅរបស់ប្រជាពលរដ្ឋនៅជនបទប្រកប ដោយបរិយាប័ន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ដោយក្នុងនោះ ក្រសួងកំពុងយកចិត្តទុកដាក់លើការលើកកម្រិតគុណភាពហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ជនបទ ដើម្បីផ្សារភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗឱ្យមានភាពរស់រវើក និងកាន់តែសកម្មឡើងបន្ថែមទៀតដែលជាមូលដ្ឋានគ្រឹះនៃកំណើនប្រាក់ចំណូលរបស់គ្រួសារនៅតំបន់ជនបទ។

ជាក់ស្ដែងពិធីបើកការដ្ឋានសាងសង់ផ្លូវជនបទទាំង ១៤ខ្សែ ប្រវែងសរុប ១៣៤,៤០គីឡូម៉ែត្រ នេះ នឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជនចំនួន ១៥ ២១៨គ្រួសារ ស្មើនឹងប្រជាជនប្រមាណ ៧៦ ០០០នាក់ ក្នុងភូមិចំនួន ៣៥ ឃុំចំនួន ១១ ក្នុងស្រុកចិត្របុរី ស្រុកស្នួល ស្រុកព្រែកប្រសព្វ និងក្រុងក្រចេះ ដោយជួយបង្កើនការតភ្ជាប់ និងគាំទ្រ ក៏ដូចជាសម្រួលដល់ការប្រកបការងារប្រចាំថ្ងៃ ចំណេញពេលវេលា និងថវិកា ហើយធានាបាននូវការប្រើប្រាស់ផ្លូវបានគ្រប់រដូវកាល ជាពិសេសសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ចូលទៅកាន់តំបន់រមណីយដ្ឋានធម្មជាតិកាំពីរ និងអន្លង់ផ្សោតផងដែរ។ ជាមួយគ្នានោះ លោករដ្ឋមន្ដ្រី បានផ្តាំផ្ញើដល់មន្រ្តីអនុវត្តគម្រោងទាំងថ្នាក់ជាតិ ថ្នាក់ខេត្ត ទីប្រឹក្សាបច្ចេកទេសទាំងអស់ត្រូវមានភាពជាម្ចាស់ការ និងយកចិត្តទុកដាក់អនុវត្តការងារ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ស្របតាមបទដ្ឋានបច្ចេកទេស និងគោលការណ៍សុវត្ថិភាព ព្រមទាំងបាន អំពាវនាវដល់ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ចូលរួមបង្កលក្ខណៈងាយស្រួលសម្របសម្រួលដោះស្រាយផលប៉ះពាល់ ប្រកបដោយសាមគ្គីភាព និងចាត់ទុកជាប្រយោជន៍សមូហភាព ព្រមទាំងចូលរួមថែរក្សាសមិទ្ធផលទាំងឡាយដែលរដ្ឋាភិបាលបានផ្តល់ជូនកន្លងមក ។

លោករដ្ឋមន្រ្ដី បានគូសបញ្ជាក់ថាសមិទ្ធផលដែលសម្រេចបាន និងអង្គពិធីដ៏អធិកអធមនាពេលនេះ អាចប្រព្រឹត្តទៅបានគឺដោយសារគុណបំណាច់នៃ “សុខសន្តិភាព” ដែលកើតចេញពីការលះបង់ដ៏ធំធេងនិងការខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីជាតិនិងប្រជាជន ដោយយកជីវិតធ្វើជាដើមទុនរបស់ សម្តេចតេជោ ហ៊ុន សែន ជាបិតាសន្តិភាពនៃកម្ពុជា ស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ និងក្រោមការដឹកនាំបន្តវេនប្រកបដោយថាមវន្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន បាននិងកំពុងកសាងសមិទ្ធផលថ្មីបន្ថែមទៀត ជូនប្រទេសជាតិនិងប្រជាជន។ ផ្អែកលើសមិទ្ធផលនៃសន្តិភាពក្នុងយុគសម័យ“តេជោ-ធិបតី” ក្នុងនាមជាអ្នកបន្តវេន និងក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី លោករដ្ឋមន្ដ្រី ប្តេជ្ញាចិត្តចូលរួមអនុវត្តនូវយុទ្ធសាស្ដ្ររបស់រាជរដ្ឋាភិបាល ដើម្បីសម្រេចឱ្យបានជោគជ័យនូវចក្ខុវិស័យ“កម្ពុជាជាប្រទេសមានប្រាក់ចំណូលខ្ពស់ឆ្នាំ ២០៥០”។

ជាចុងបញ្ចប់ លោករដ្ឋមន្រ្ដី និងគណៈអធិបតី បានអញ្ជើញបញ្ជាគ្រឿងចក្រជានិមិត្តរូបនៃការបើកឱ្យដំណើរការសាងសង់ផ្លូវទាំង ១៤ខ្សែខាងលើផងដែរ ៕

To Top