ព័ត៌មានជាតិ

រដ្ឋមន្រ្តីសុខាភិបាល ៖ ត្រូវពង្រឹងសកម្មភាព សង្រ្គោះព្យាបាល ដើម្បីឆ្លើយតប នឹងស្ថានភាព ព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំ កម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែធ្នូ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារ បន្តដែលក្នុងនោះបានផ្តោត លើការឆ្លើយតបទៅនឹង ស្ថានភាពព្រំដែនកម្ពុជា-ថៃ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានលើកឡើងថា ត្រូវតែពង្រឹងការអនុវត្តនូវយុទ្ធសាស្រ្ត និងសកម្មភាពសង្រ្គោះព្យាបាល ដើម្បីឆ្លើយតបនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ ។

សាស្រ្តាចារ្យរដ្ឋមន្រ្តីបានផ្តោតសំខាន់លើការអនុវត្តឡើងវិញ នូវផែនការយុទ្ធសាស្រ្ត ដើម្បីឆ្លើយតបនឹងស្ថានភាពនៅព្រំដែន និងបានណែនាំដល់ថ្នាក់ដឹកនាំ មន្ទីរពេទ្យជាតិ សហការឱ្យបានស្អិតរមួត ជាមួយមន្ទីរសុខាភិបាលខេត្តជាប់ព្រំដែន ក្នុងការរៀបចំឆ្លើយតបទាន់ពេលវេលា ឱ្យបានគ្រប់ជ្រុងជ្រោយលើបញ្ហា គ្រប់គ្រងស្ថានភាព ផលប៉ះពាល់ ទីតាំងនិងសុខភាពប្រជាពលរដ្ឋ វីរកងទ័ព មធ្យោបាយនៃដោះស្រាយបញ្ហា ដើម្បីធានាយ៉ាងណាឲ្យការ ជួយសង្រ្គោះបានទាន់ពេលវេលា ការបញ្ជូនចំគោលដៅ និងមានប្រសិទ្ធភាព។

ឆ្លៀតក្នុងឱកាសនោះ សាស្រ្តាចារ្យ បានណែនាំនូវចំណុចមួយចំនួនដូចជា ៖ ត្រៀម និងពង្រឹងការឆ្លើយតបបន្ទាន់ទៅនឹងស្ថានភាពនៅព្រំដែនកម្ពុជា-ថៃ ដោយសហការជិតស្និទ្ធជាមួយអង្គភាពពាក់ព័ន្ធទាំងអស់ , ថ្នាក់ដឹកនាំគ្រប់លំដាប់ត្រូវពង្រឹងការប្រាស្រ័យទាក់ទងតាមរយៈ risk communication ឱ្យបានច្បាស់លាស់ និងទាន់ពេលវេលា , រៀបចំលក្ខណៈឱ្យបានលម្អិតនិងច្បាស់លាស់ ក្នុងការត្រៀមឱសថ សម្ភារៈបរិក្ខារពេទ្យ តម្រូវការឈាម និងក្រុមគ្រូពេទ្យជំនាញ , មន្រ្តីសុខាភិបាល ក៏ត្រូវចេះការពារខ្លួន ក្នុងករណីកើតមានជាយថាហេតុណាមួយកើតឡើង និងមូលដ្ឋានសុខាភិបាលគ្រប់កម្រិត ត្រូវយកចិត្តទុកដាក់ ក្នុងការបម្រើសេវាសុខភាពដែលមានគុណភាព គិតគូរអំពីសុខភាពផ្លូវចិត្ត ជាពិសេសសុខភាពមាតា ទារក និងកុមារ ។

សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានកោតសរសើរដល់មន្ទីរពេទ្យជាតិ និងក្រុមគ្រូពេទ្យជំនាញ ដែលបានចេញដំណើរទៅតាមខេត្តគោលដៅរៀងៗខ្លួន និងបានរៀបចំបែងចែកក្រុមគ្រូពេទ្យ ដើម្បីត្រៀមលក្ខណៈក្នុងការជួយសង្រ្គោះបានទាន់ពេលវេលា៕

To Top