សាស្ត្រាចារ្យ ឈាង រ៉ា ៖ សុខុមាលភាព អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងសុវត្ថិភាពអ្នកជំងឺ មិនអាចកាត់ផ្តាច់ពីគ្នា
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា សុខុមាលភាពនៃអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងសុវត្ថិភាពអ្នកជំងឺ គឺមិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ ពោលគឺទាំងពីរអាស្រ័យគ្នា ទៅវិញទៅមកជាចាំបាច់។

ក្នុងពិធីប្រកាសបើកសន្និបាត របស់សមាគមគិលានុបដ្ឋាកកម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សុវត្ថិភាពទាំងអស់គ្នា ៖ លើកកម្ពស់សុខុមាលភាព គិលានុបដ្ឋាក ធានាបាននូវសុវត្ថិភាពអ្នកជំងឺ» សាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា គិលានុបដ្ឋាកត្រូវថែទាំសុខភាពរបស់ខ្លួនឯងឱ្យបានល្អ ដើម្បីមានកំលាំង និងថាមពលគ្រប់គ្រាន់ ក្នុងការបម្រើសេវាជូនអ្នកជំងឺ ប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់។ តួនាទី គិលានុបដ្ឋាក រួមចំណែកជ្រោមជ្រែងការអភិវឌ្ឍ វិស័យអាទិភាពក្រសួងសុខាភិបាល ដោយផ្តោតយ៉ាងហ្មត់ចត់លើសុវត្ថិភាពអ្នកជំងឺ និងការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកផ្តល់សេវាសុខាភិបាល ។

សាស្រ្តាចារ្យរដ្ឋមន្រ្តីបន្ថែមថា ការអភិវឌ្ឍសមត្ថភាពរបស់គិលានុបដ្ឋាក គិលានុបដ្ឋាយិកាទាំងអស់ ធ្វើឱ្យការបម្រើសេវាថែទាំអ្នកជំងឺ បានត្រឹមត្រូវតាមបច្ចេកទេស គុណភាព សុវត្ថិភាព ប្រសិទ្ធភាពប្រកបដោយសមធម៌ និងស្របតាមក្របខណ្ឌវិជ្ជាជីវៈថែទាំ។ វិជ្ជាជីវៈថែទាំ ជាវិជ្ជាជីវៈមួយ ដើរតួនាទីជួរមុខយ៉ាងសំខាន់ ជាបេះដូងដើរយ៉ាងសកម្ម ឆ្ពោះទៅមុខជានិច្ច ដូចជាបេះដូងនៃប្រព័ន្ធសុខាភិបាល។ ដូច្នេះគិលានុបដ្ឋាក ចូលរួមក្នុងការពង្រឹងសមត្ថភាពបន្ថែមទៀត ។

ឆ្លៀតក្នុងឱកាសនេះ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់មតិយោបល់ ដល់សមាជិក សមាជិកា សមាគម ចំណុចគួរចងចាំថា គិលានុបដ្ឋាក គឺជារូបភាព របស់សុខាភិបាល , គិលានុបដ្ឋាក ជាអ្នកទំនាក់ទំនង , គិលានុបដ្ឋាក ជាអ្នកអប់រំ , គិលានុបដ្ឋាក ជាភ្នាក់ងារសម្របសម្រួល ក្នុងសេវាសុខាភិបាល ឱ្យមានសុជីវភាពខ្ពស់ , គិលានុបដ្ឋាក ជាស្ថាបត្យករថែទាំ ក្នុងវិស័យសុខាភិបាល និងគិលានុបដ្ឋាក ដើរតួជាជនគំរូឥរិយាបថ ទាំងកាយវិការ និងពាក្យសំដី ដើម្បីបម្រើសេវាប្រកបគុណភាពជូនអ្នកជំងឺ៕







