ក្រសួងវប្បធម៌កម្ពុជា អំពាវនាវដល់គ្រប់មជ្ឈដ្ឋានជាតិ អន្តរជាតិ ចូលរួមថ្កោលទោស និងជំរុញយោធាថៃ ឱ្យបញ្ឈប់ជាបន្ទាន់ នូវសកម្មភាពបំផ្លិចបំផ្លាញបេតិកភណ្ឌ នៃមនុស្សជាតិ
ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវដល់គ្រប់មជ្ឈដ្ឋានជាតិ អន្តរជាតិ ជាពិសេសអង្គការយូណេស្កូ សហគមន៍អាស៊ាន និងបណ្តាស្ថាប័នពាក់ព័ន្ធ អង្គការសមាគម និងបុគ្គលគ្រប់ៗរូប ចូលរួមថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត និងជំរុញយោធាថៃ ឱ្យបញ្ឈប់ជាបន្ទាន់ នូវសកម្មភាពបំផ្លិចបំផ្លាញ បេតិកភណ្ឌ នៃមនុស្សជាតិ។ នេះយោងតាមសេចក្ដីថ្លែងការណ៍ថ្កោលទោសយោធាថៃ ដែលបានបំផ្លាញប្រាសាទ តាក្របី។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសថ្កោលទោស យ៉ាងដាច់អហង្ការចំពោះការបាញ់បំផ្លាញរបស់យោធាថៃ មកលើប្រាសាទតាក្របី ជាទីគោរពសក្ការៈរបស់កម្ពុជា។ ទង្វើដ៏សាហាវនេះ បង្ហាញពីភាពអសីលធម៌ ដែលបង្ហាញពីការប្រមាថ មាក់ងាយដល់វប្បធម៌ អរិយធម៌ និងទីសក្ការៈដែលជាមរតកមនុស្សជាតិ ជាពិសេសមរតកវប្បធម៌ ដែលដូនតាខ្មែរបានកសាង បន្សល់ទុកមានតម្លៃមិនអាចកាត់ថ្លៃបាន។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានគូសបញ្ជាក់ថា «សូមអំពាវនាវដល់គ្រប់មជ្ឈដ្ឋានជាតិ អន្តរជាតិ ជាពិសេសអង្គការយូណេស្កូ សហគមន៍អាស៊ាន និងបណ្តាស្ថាប័នពាក់ព័ន្ធ អង្គការសមាគម និងបុគ្គលគ្រប់ៗរូប ដែលស្រឡាញ់ការពារបេតិកភណ្ឌនៃ មនុស្សជាតិ សូមចូលរួមថ្កោលទោស យ៉ាងខ្លាំងក្លាបំផុត និងជំរុញយោធាថៃ ឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពបំផ្លិចបំផ្លាញនេះ»។
កិច្ចអន្តរាគមន៍ របស់សហគមន៍ជាតិនិងអន្តរជាតិ គឺជាភាពចាំបាច់បំផុត ពីព្រោះយោធាថៃ បាននឹងកំពុងបន្តបាញ់ប្រហារ ដោយមិនញញើត មកលើគ្រប់ទីតាំង មិនថា ជាទីតាំងជនស៊ីវិល ឬទីតាំងបេតិកភណ្ឌនោះទេ ជាពិសេស កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ប្រាសាទព្រះវិហារ ក៏ទទួលរងការបំផ្លាញ ធ្វើឱ្យអគារ អភិរក្សក្រោមកិច្ចសហការអភិរក្សកម្ពុជា-ឥណ្ឌា ត្រូវបាន ខូចខាតទាំងស្រុង រួមទាំងរចនាសម្ព័ន្ធផ្សេងៗទៀត របស់ប្រាសាទផងដែរ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹង ប្រើប្រាស់គ្រប់យន្តការទាំងអស់ ទាំងកម្រិតជាតិនិងអន្តរជាតិ ដើម្បីទាមទារ ឱ្យថៃទទួលខុសត្រូវលើសកម្មភាព អសីលធម៌ទាំងនេះចំពោះមុខច្បាប់អន្តរជាតិដែលមានជាធរមាន ក៏ដូចជាកត់ត្រាទុកអំពើ បំផ្លិចបំផ្លាញនេះក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិ៕


