ព័ត៌មានជាតិ

កម្ពុជា ធ្វើបទបង្ហាញស្ថានភាពព្រំដែនកម្ពុជា-ថៃដល់អង្គទូត និងអង្គការអន្តរជាតិចំនួន៣៣

ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ បានបើកកិច្ចប្រជុំបន្ទាន់ជាមួយអង្គទូតបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជាចំនួន៣០អង្គទូត និង៣អង្គការអន្តរជាតិ ក្នុងនោះក៏មានតំណាងអង្គការសហប្រជាជាតិចូលរួមផងដែរ ដើម្បីធ្វើបទបង្ហាញអំពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងយោធភូមិភាគ ទី៤ និងយោធភូមិភាគទី៥ ។

ការធ្វើបទបង្ហាញនេះ ក្រោយយោធាថៃ បានបើកការវាយប្រហារឈ្លានពានមកលើកម្ពុជា ដែលសកម្មភាពនៃរំលោភបំពានលើ “បទឈប់បាញ់” និង”សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាង កម្ពុជានិងថៃ” អស់រយៈពេល៣ថ្ងៃមកហើយ ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ រហូតមកទល់ថ្ងៃ៩ ធ្នូនេះ។
ក្នុងកិច្ចប្រជុំនេះឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានចូលរួមធ្វើបទបង្ហាញអំពីស្ថានការណ៍ជាក់ស្តែងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលកំពុងកើតមាន។ នៅក្នុងការធ្វើបទបង្ហាញជូន អង្គទូតបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា អង្គការអន្តរជាតិ និងតំណាងអង្គការសហប្រជាជាតិ ក្រុមការងារសម្របសម្រួលអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា (CLG) បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចូលរួមស្ដាប់បទបង្ហាញខាងលើតាមរយៈប្រព័ន្ធ ZOOM ផងដែរ ។

ក្នុងខ្លឹមសារនៃការធ្វើបទបង្ហាញ ក្រសួងការពារជាតិបានបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ និងប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ព្រមទាំងកិច្ចព្រមព្រៀងទាំងឡាយ ដែលភាគីទាំងពីរសម្រេចបានកន្លងមក ប្រកបដោយសុច្ឆន្ទៈ និងការទទួលខុសត្រូវខ្ពស់បំផុត ។ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការគំរាម ឬការប្រើប្រាស់កម្លាំង សំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ។

ទន្ទឹងនឹងនេះ កម្ពុជាអំពាវនាវឱ្យភាគីថៃវិលត្រឡប់មកអនុវត្តវិញនូវបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃដែលចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រោមការធ្វើជាសាក្សីរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិកដូណាល់ ត្រាំ និងឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ប្រធានអាស៊ានប្តូរវេន៕

To Top