ព័ត៌មានជាតិ

ក្រសួងការពារជាតិ ៖ យោធាថៃ បានបាញ់ផ្លោងអាវុធធុនធ្ងន់ ធ្លាក់ក្បែរសាលាបឋមសិក្សាចក់ពួក និងធ្លាក់ក្បែរចំការពោតជើងភ្នំ ក្នុងស្រុកស្វាយចេក

ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានឲ្យដឹងថា យោធាថៃ បានបាញ់ផ្លោងអាវុធធុនធ្ងន់ធ្លាក់ក្បែរ សាលាបឋមសិក្សាចក់ពួក ឃុំស្លរក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ចំនួន ១គ្រាប់ និង ១គ្រាប់ ទៀតធ្លាក់ក្បែរចំការពោតជើងភ្នំ ។

នេះបើយោងតាមសេចក្ដី ជម្រាបជូននូវស្ថានការណ៍ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃបានបើកការបាញ់ ប្រហារមកលើ ប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ចេញផ្សាយដោយ ក្រសួងការពារជាតិ។

នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ២:៤០នាទី យោធាថៃបានបាញ់ផ្លោងអាវុធធុនធ្ងន់ធ្លាក់ក្បែរ សាលាបឋមសិក្សាចក់ពួក ឃុំស្លរក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ចំនួន ១គ្រាប់ និង ១គ្រាប់ ទៀតធ្លាក់ក្បែរចំការពោតជើងភ្នំ។ សកម្មភាពដ៏កំរោលរបស់យោធាថៃនេះ ជាការបើកការបាញ់ប្រហារ ដោយមិនរើសគោលដៅបាញ់ចូលទីប្រជុំជន ដែលមានប្រជាពលរដ្ឋស៊ីវិលរស់នៅ ពិសេសជាសាលារៀនរបស់កុមារ។

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើ អមនុស្សធម៌ដ៏សាហាវឃោរឃៅនេះ ហើយនេះបង្ហាញយ៉ាងច្បាស់ ការណ៍ដែលភាគីថៃបានរំលោភ បំពាន លើបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជានិងថៃ” ដែលភាគី ទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលចុះហត្ថលេខា ដោយនាយករដ្ឋ មន្ត្រីនៃប្រទេសកម្ពុជា និងថៃ ក្រោមសាក្សីរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន ៕

To Top