រដ្ឋមន្ដ្រីមហាផ្ទៃ ប្រាប់អភិបាលខេត្តថា ត្រូវណែនាំពលរដ្ឋមិនត្រូវផ្សព្វផ្សាយរូបភាព វីដេអូ បង្ហាញអំពីការចល័តកម្លាំងប្រដាប់អាវុធ សព្វាវុធ ឬមូលដ្ឋានកងទ័ព ជាដាច់ខាត
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអភិបាលខេត្តជាប់ពំ្រដែនជាមួយថៃ ថា ត្រូវណែនាំប្រជាពលរដ្ឋខ្មែរមិនត្រូវផ្សព្វផ្សាយរូបភាព វីដេអូ បង្ហាញអំពីការចល័តកម្លាំងប្រដាប់អាវុធ សព្វាវុធ និងទីតាំង ឬមូលដ្ឋានកងទ័ពកម្ពុជា ជាដាច់ខាត។
ការណែនាំរបស់ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បន្ទាប់ពីកងទ័ពថៃ បានបើកការបាញ់ប្រហារមុនមកលើកងទ័ពកម្ពុជា ក្នុងគោលបំណងឈ្លានពានមកលើអធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ដោយបានប្រើប្រាស់អាវុធធុនធ្ងន់ យន្តហោះចម្បាំង និងផ្សែងពុល ហើយបន្តអូសបន្លាយមកដល់ពេលបច្ចុប្បន្ន។
សកម្មភាពឈ្លានពានពីសំណាក់កងទ័ពថៃនេះ បានបង្កឱ្យមានវិនាសកម្ម អ្នករបួសនិងអ្នកស្លាប់បាត់បង់ អាយុជីវិតទាំងកម្លាំងប្រដាប់អាវុធ និងជនស៊ីវិលស្លូតត្រង់ ព្រមទាំងបានបំផ្លាញផ្ទះសម្បែង ទីតាំងអាជីវកម្ម វត្តអារាម ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ទ្រព្យសម្បត្តិជាច្រើនទៀត និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅ ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរ។
តាមរយៈលិខិតរបស់ ក្រសួងមហាផ្ទៃ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានឲ្យដឹងថា ដើម្បីគ្រប់គ្រងសភាពការណ៍តាមព្រំដែន និងឆ្លើយតបនឹងការឈ្លានពានពីសំណាក់កងទ័ព ថៃ ព្រមទាំងធានាការពារនូវសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋខ្មែរ និងចូលរួមថែរក្សាការពារអធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងមហាផ្ទៃ បានធ្វើការណែនាំ អភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ អនុវត្តវិធានការ ត្រូវធ្វើការជម្លៀសប្រជាពលរដ្ឋដែលរស់នៅក្នុងបណ្តាស្រុកជាប់ព្រំដែន ពិសេសតំបន់ ដែលមានហានិភ័យខ្ពស់ ឱ្យទៅកាន់ទីជម្រកសុវត្ថិភាព។
លោកឧបនាយករដ្ឋមន្ដ្រី បន្ដថា ត្រូវបែងចែកកម្លាំង និងចាត់វិធានការរដ្ឋបាលនិងសន្តិសុខដើម្បីគ្រប់គ្រង និងថែរក្សា ការពារសន្តិសុខ និងសុវត្ថិភាពនៅតាមទីជម្រកសុវត្ថិភាព ព្រមទាំងការពារផ្ទះសម្បែង និងទ្រព្យសម្បត្តិប្រជាពលរដ្ឋភៀសសឹកពីការលួចគាស់និងការបំផ្លិចបំផ្លាញពីសំណាក់ ជនខិលខូច។ ទន្ទឹមនេះ ត្រូវចាត់កម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋានធ្វើការយាម ល្បាត២៤/២៤ម៉ោង ដើម្បីចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបជនបង្កប់ឬជនល្មើស ដែលធ្វើសកម្មភាពស៊ើបការណ៍ និងផ្តល់ព័ត៌មានសម្ងាត់ ឬទីតាំងរបស់យោធាកម្ពុជាទៅឱ្យ ខ្មាំងសត្រូវបរទេស។
លោកឧបនាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «ត្រូវណែនាំដល់បងប្អូនប្រជាពលរដ្ឋខ្មែរមិនត្រូវផ្សព្វផ្សាយនូវរូបភាព ឬវីដេអូដែលបង្ហាញ អំពីការចល័តកម្លាំងប្រដាប់អាវុធ សព្វាវុធ និងទីតាំងឬមូលដ្ឋានកងទ័ពកម្ពុជាជាដាច់ខាត។ ត្រូវរៀបចំឱ្យមានក្រុមការងារមួយទទួលបន្ទុករាយការណ៍ប្រចាំថ្ងៃជូនមកក្រសួងមហាផ្ទៃ រៀងរាល់ពេលព្រឹក (ម៉ោង៧) ពេលរសៀល (ម៉ោង១២) និងពេលល្ងាច (ម៉ោង១៨) អំពី សភាពការណ៍វិវត្តន៍នៅសមរភូមិមុខ ស្ថានភាពជនភៀសសឹក និងសភាពការណ៍ចាំបាច់ ផ្សេងទៀត»៕
