ព័ត៌មានជាតិ

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំ របស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត

 ភ្នំពេញ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ បានបើកកិច្ចប្រជុំក្រោមអធិបតីភាព លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើកំណត់ហេតុ នៃកិច្ចប្រជុំរបស់ គ.ជ.ប សេចក្តីបំភ្លឺ របស់គ.ជ.ប ពាក់ព័ន្ធនឹងការបោះឆ្នោត និងអនុសាសន៍ ដែលបានលើកឡើង ដោយគណៈកម្មាធិការ ដើម្បីការបោះឆ្នោត ដោយសេរី និងយុត្តិធម៌ នៅកម្ពុជា(Comfrel) និងពិនិត្យសម្រេចលើការកំណត់ និងប្រើប្រាស់លេខកូដ សម្គាល់រាជធានី ខេត្ត និងលេខកូដការិយាល័យបោះឆ្នោត។

ក្រោយពីបានស្តាប់របាយការណ៍ របស់អគ្គនាយកដ្ឋានជំនាញ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប រួចមក អង្គប្រជុំ គ.ជ.ប បានពិនិត្យ និងពិភាក្សាតាមរបៀបវារៈនីមួយៗ ហើយអង្គប្រជុំ គ.ជ.ប បានសម្រេច ដូចខាងក្រោម៖

របៀបវារៈទី១៖ អង្គប្រជុំ គ.ជ.ប បានឯកភាពលើកំណត់ហេតុនៃកិច្ចប្រជុំរបស់ គ.ជ.ប ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥។

របៀបវារៈទី២៖ អង្គប្រជុំ គ.ជ.ប បានពិនិត្យ និងពិភាក្សាមួយទំព័រម្តងៗ ដោយបានធ្វើការកែសម្រួលខ្លឹមសារមួយចំនួនលើសេចក្តីព្រាងនៃសេចក្តីបំភ្លឺរបស់ គ.ជ.ប មាន ៦ ចំណុច និ ងមានចំនួន ១០ទំព័រ រួមមាន៖

– ចំណេះដឹងជាសាធារណៈ និងការចូលរួមការបោះឆ្នោត

– ការឃោសនាបោះឆ្នោត និងការប្រកួតប្រជែងដោយយុត្តិធម៌

– ការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត

– យន្តការបណ្តឹង និងដំណោះស្រាយ

– អ្នកសង្កេតការណ៍បោះឆ្នោត និងភ្នាក់ងារគណបក្សនយោបាយ

– និងអនុសាសន៍របស់ Comfrel។

សេចក្តីព្រាងនៃសេចក្តីបំភ្លឺរបស់ គ.ជ.ប ដែលមានចំនួន ១០ ទំព័រនេះ នឹងត្រូវបញ្ជូនទៅឱ្យ Comfrel ដោយមានភ្ជាប់ជាមួយនឹងលិខិតរបស់ គ.ជ.ប ជម្រាបជូន លោកនាយកប្រតិ បត្តិគណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (Comfrel) បន្ទាប់ពីអង្គភាពជំនាញធ្វើការកែសម្រួលខ្លឹមសាររួច តាមស្មារតីអង្គប្រជុំរបស់ គ.ជ.ប។

របៀបវារៈទី៣៖ អង្គប្រជុំ គ.ជ.ប បានសម្រេចឱ្យអគ្គនាយកដ្ឋានជំនាញ ដូរលេខកូដខេត្តចំនួន ៣ គឺ ខេត្តឧត្តរមានជ័យ ខេត្តកែប និងខេត្តប៉ៃលិន។ ការប្តូរលេខកូដនេះ ដើម្បីឱ្យដូចគ្នាទៅនឹងលេខកូដខេត្ត ដែលបានប្រើដោយក្រសួងស្ថាប័ន របស់រាជរដ្ឋាភិបាល ហើយការប្តូរនេះនឹងត្រូវធ្វើឡើង នៅពេលចេញបញ្ជីបោះឆ្នោត ចុងក្រោយឆ្នាំ២០២៥។ ការងារមួយទៀត អគ្គនាយកដ្ឋានជំនាញត្រូវពិនិត្យ ដើម្បីបន្ថែមលេខកូដការិយាល័យបោះឆ្នោត ឱ្យឡើងដល់ ៥ (ប្រាំ)ខ្ទង់ ដែលកន្លងមកមានតែ ៤ (បួន)ខ្ទង់៕

To Top