ព័ត៌មានជាតិ

សមាគមទាំងពីរ បន្តអនុវត្តវិធានការ ជួយសម្រាលបន្ទុក ដល់ប្រជាជន ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងសមាគមធនាគារនៅកម្ពុជា (ABC) នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសព័ត៌មាន អំពី «ការបន្តអនុវត្តវិធានការ ជួយសម្រាលបន្ទុក ដល់ប្រជាជនដែលរងផលប៉ះពាល់ ពីជម្លោះព្រំដែនកម្ពុជា-ថៃ»។

យោងតាមស្ថានភាពតានតឹងកើតឡើងជាថ្មី តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដែលបានបង្កផលប៉ះពាល់ដល់ការរស់នៅ និងការប្រកបរបររបស់ប្រជាជន សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានឲ្យដឹងថា សមាគមទាំងពីរ នៅតែបន្តអនុវត្ត «វិធានការជួយសម្រាលបន្ទុក ដល់ប្រជាជន ដែលរងផលប៉ះពាល់ ពីជម្លោះព្រំដែនកម្ពុជា-ថៃ» ដែលបានដាក់ចេញដោយធនាគារជាតិ នៃកម្ពុជាកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥។

សមាគមទាំងពីរ ត្រៀមលក្ខណៈរួចជាស្រេច ក្នុងការអនុវត្តតាមសេចក្តីណែនាំនានា របស់ធនាគាជាតិនៃកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ។

ក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ ព្រមទាំង ដើម្បីជួយសម្រាលបន្ទុក ដល់យោធិន ដែលធ្វើប្រតិបត្តិការ ដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ និងប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ គ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងគ្រឹះស្ថានហិរញ្ញ វត្ថុផ្សេងៗទៀត ជាសមាជិករបស់សមាគមទាំងពីរ ប្តេជ្ញាចូលរួមសម្រួល ដល់អតិថិជនដែលរង ផល់ប៉ះពាល់តាមវិធានការខាងលើ៕

To Top