សម្ដេចតេជោ ហ៊ុន សែន ៖ ទទួលទានអំបុកស្រូវថ្មី វាយសត្រូវឈ្លានពាន
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានសំណូមពរសប្បុរសជន ជួយទិញស្រូវធ្វើអំបុក ឬជួយទិញអំបុក ពីប្រជាជន យកទៅចែក ជូនកងទ័ព ឬជនភៀសសឹក ខណៈ សម្ដេច ថា «ទទួលទានអំបុកស្រូវថ្មី វាយសត្រូវឈ្លានពាន» ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «សូមផ្តាំផ្ញើការសាកសួរសុខទុក្ខ ចំពោះកងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទ ដែលបាននិងកំពុងឈរជើងការពារទឹកដី ដ៏អង់អាចក្លាហានដើម្បីប្រយុទ្ធប្រឆាំង ជាមួយពួកចោរ ឈ្លានពានទឹកដី ។ សូមចូលរួមការលំបាកជាមួយបងប្អូន ប្រជាជនភៀស សឹកទាំងអស់ដែលភៀសខ្លួន ដោយសារពួកចោរឈ្លានពាន»។
សម្ដេចតេជោ ក៏បានអរគុណ ចំពោះសប្បុរសជន ដែលបានចូលរួមជា សម្ភារថវិកាតាមរយៈរាជរដ្ឋាភិបាល ក៏ដូចជាសប្បុរសជន ដែលបានយកទៅចែក ជូនផ្ទាល់ដល់កងកម្លាំងប្រដាប់អាវុធនិងបងប្អូនជន
ភៀសសឹក។
សម្ដេចតេជោ គូសបញ្ជាក់ថា «ខ្ញុំបានឃើញសំណូមពរ យុទ្ធជនម្នាក់ពីសមរភូមិ ថា សុំជួយជាអំបុកល្អជាងជួយជាមី។ ខ្ញុំយល់ថា សំណូមពរនេះ សមហេតុសមផលតែខ្ញុំយល់ថា ការផ្តល់ជាមីនៅតែបន្តជាមួយនឹងការផ្តល់អំបុកបន្ថែម។ ស្រូវថ្មីកំពុងច្រូតកាត់ សូមបងប្អូនសប្បុរសជន ជួយទិញស្រូវធ្វើអំបុក ឬជួយទិញអំបុកពីប្រជាជន យកទៅចែកជូនកងទ័ព ឬជនភៀសសឹក។ សម្រាប់ការវេចខ្ចប់គួរធ្វើត្រឹមមួយកញ្ចប់១គីឡូ ឬ ២គីឡូសម្រាប់យុទ្ធជនម្នាក់ៗ យកតាមខ្លួន។ ប្រសិនដាក់ជាបាវ ឬការ៉ុងលំបាក ដល់ការចែកចាយ នៅខ្សែត្រៀមជួរមុខ ។ ទទួលទានអំបុកស្រូវថ្មី វាយសត្រូវឈ្លានពាន»។
