ព្រឹកនេះ ! យោធាថៃ បានបើកការបាញ់ប្រហារមកក្នុងដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា ក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ខេត្តបន្ទាយមានជ័យ
ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃ បានធ្វើសកម្មភាព និងបើកការបាញ់ប្រហារមកក្នុងដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ខេត្តបន្ទាយមានជ័យ នៅព្រឹក ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ៖
- នៅវេលាម៉ោង ៩:៤៥នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ហោះលើភូមិសាស្រ្ត ឃុំអូរបីជាន់ និងភូមិសាស្រ្តប៉ោយប៉ែត។
- នៅវេលាម៉ោង ៩:៥០នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 បានហោះលើរង្វង់មូលស្ទឹងបត់ ចំនួន ២លើក ភូមិសាស្រ្តប៉ោយប៉ែត។
- នៅវេលាម៉ោង ៩:៥០នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 និងបានហោះបានទម្លាក់គ្រាប់ ចំនួន ២គ្រាប់ ក្នុងទីតាំងភូមិសាស្រ្ត ភូមិស្លរក្រាម ឃុំស្លរក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ៕
