រដ្ឋមន្រ្តីសុខាភិបាល ៖ យកកូនតូចៗ ទៅទទួលវ៉ាក់សាំង ការពារជំងឺរាកធ្ងន់ធ្ងរ និងមានក្អួត គឺផ្តល់សុខភាពល្អ
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា ការយកកូនតូចៗដែលមានអាយុពី១ខែ ដល់២ឆ្នាំ ទៅទទួលវ៉ាក់សាំងការពារជំងឺរាកធ្ងន់ធ្ងរ និងមានក្អួត តាមប្រតិទិន គ្រប់ចំនួន និងគ្រប់ដូស តាមការណែនាំរបស់ក្រុមគ្រូពេទ្យ គឺជាការផ្តល់នូវសុខភាពល្អ រឹងមាំឱ្យដល់កូនចៅ ក៏ដូចជាគ្រួសារ និងសង្គមជាតិទាំងមូល ។

ក្នុងពិធីប្រកាសបញ្ចូលវ៉ាក់សាំងការពារជំងឺរាកធ្ងន់ធ្ងរ និងមានក្អួតលើកុមារតូច ដែលបង្កដោយវីរុសរ៉ូតា ទៅក្នុងកម្មវិធីជាតិផ្តល់ថ្នាំបង្ការ នៅទូទាំងកម្ពុជា នាថ្ងៃទី១០ ខែធ្នូ សាស្រ្តាចារ្យ មានប្រសាសន៍ថា ការដាក់បញ្ចូលវ៉ាក់សាំងរ៉ូតានេះ គឺបង្ហាញពីសមិទ្ធផលនៃការចូលរួម រួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល ដៃគូអភិវឌ្ឍន៍ និងសហគមន៍ទូទាំងប្រទេស ដែលបង្ហាញពីការប្តេជ្ញារបស់កម្ពុជា ក្នុងការធានាឱ្យកុមារទាំងអស់ មានឱកាសទទួលថ្នាំបង្ការ ដើម្បីសង្គ្រោះជីវិត ។

រដ្ឋមន្រ្តីបន្តថា ការផ្តល់ថ្នាំបង្ការ គឺជាការវិនិយោគដ៏សំខាន់មួយ លើវិស័យសុខភាពសាធារណៈ ជាពិសេសលើកុមារដ៏មានប្រសិទ្ធភាព ព្រមទាំងបានចូលរួមចំណែកដ៏សំខាន់ ក្នុងការកាត់បន្ថយអត្រាមរណភាព អត្រាឈឺ និងពិការភាពរបស់កុមារនៅទូទាំងប្រទេស ។

សាស្រ្តាចារ្យ ឈាង រ៉ា បន្ថែមថា វ៉ាក់សាំងដែលកម្មវិធីជាតិផ្តល់ថ្នាំបង្ការយកមកផ្តល់ជូនដល់ទារក កុមារ ស្រ្តី និងប្រជាជនសុទ្ធតែបានត្រួតពិនិត្យ និងមានការទទួលស្គាល់គុណភាពពីអង្គការសុខភាពពិភពលោក មុននឹងដាក់បញ្ចូលក្នុងកម្មវិធីជាតិផ្តល់ថ្នាំបង្ការនៃក្រសួងសុខាភិបាល ។ បន្ថែមពីនេះ សាស្រ្តាចារ្យរដ្ឋមន្រ្តី អំពាវនាវ ដល់មាតាបិតា អាណាព្យាបាលទាំងអស់ ចាំបាច់ត្រូវការពារ កូនឱ្យជៀសផុត ពីជំងឺដែលអាចបង្ការ បានដោយការទទួលវ៉ាក់សាំង ទាំង១៤មុខ ដោយត្រូវនាំទារក និងកុមារគ្រប់រូបមកទទួលវ៉ាក់សាំងឱ្យបានគ្រប់ដូស និងគ្រប់មុខ តាមការណែនាំ របស់បុគ្គលិកសុខាភិបាល ។

បន្ថែមពីនេះទៀត រដ្ឋមន្រ្តី បានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួន ដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលរាជធានី-ខេត្ត និងមន្រ្តីផ្តល់ថ្នាំបង្ការទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ ដើម្បីធានានិរន្តភាព នៃការអនុវត្តសេវាផ្តល់ថ្នាំបង្ការ ប្រកបដោយប្រសិទ្ធភាព ។

សូមបញ្ជាក់ដែរថា បច្ចុប្បន្នកម្មវិធីជាតិផ្តល់ថ្នាំបង្ការ មានវ៉ាក់សាំងចំនួន១៤មុខ ដែលអាចការពារជំងឺទារក កុមារ និងប្រជាជន រួមមាន ៖ ការពារជំងឺរបេង , គ្រុនស្វិតដៃជើង , ក្អកមាន់ , ខាន់ស្លាក់ , តេតាណូស , រលាកថ្លើមប្រភេទបេ , ជំងឺរលាកសួត-រលាកស្រោមខួរក្បាល , ជំងឺរលាកសួត-រលាក ស្រោមខួរក្បាល , ជំងឺកញ្រ្ជឹល , ជំងឺស្អូច , ជំងឺរលាកខួរក្បាលជេអ៊ី , វ៉ាក់សាំងកូវីដ-១៩ , វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន និងវ៉ាក់សាំងថ្មីមួយមុខទៀត គឺវ៉ាក់សាំងបង្ការជំងឺរាក ដែលបង្កដោយវីរុសរ៉ូតា ៕






