សកម្មភាពឈ្លានពានរបស់ថៃ គិតត្រឹមថ្ងៃទី១០ ធ្នូ ជនស៊ីវិលកម្ពុជា បានបាត់បង់ជីវិតកើនឡើង ៩នាក់ និងរងរបួសជនស្លូតត្រង់ ៤៦នាក់
ភ្នំពេញ ៖ ក្រសួងការពារជាតិ បានឲ្យដឹងថា សកម្មភាពឈ្លានពានដោយប្រដាប់អាវុធ របស់ថៃ បានបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយគិតត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ ជនស៊ីវិលបានបាត់បង់ជីវិតកើនឡើង រហូតដល់ចំនួន ៩នាក់ (ទារក ១នាក់) និងរងរបួសជនស្លូតត្រង់ចំនួន ៤៦ នាក់។
ក្នុងន័យនេះ កម្ពុជា បានអំពាវនាវឱ្យសហគមន៍ អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជានិងថៃ និងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមខុសច្បាប់ របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃ ទទួលខុសត្រូវទាំងស្រុង ចំពោះការរំលោភបំពានដ៏កំរោលនេះ។
កម្ពុជា ក៏អំពាវនាវឱ្យថៃ បញ្ឈប់រាល់អរិភាពជាបន្ទាន់ ដោយដកកម្លាំងចេញពីដែនអធិបតេយ្យរបស់កម្ពុជា និងចៀសវាងសកម្មភាពឈ្លានពាន ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ទន្ទឹមនឹងនេះ កម្ពុជាអំពាវនាវឱ្យភាគីថៃ ងាកមកគោរពកិច្ចព្រមព្រៀមបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់ អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ ៕
