ក្រសួងការងារ និង UNDP ចុះអនុស្សរណៈ នៃការយោគយល់គ្នា ដើម្បីសហប្រតិបត្តិការពង្រឹងអភិបាលកិច្ច និងក្របខណ្ឌវិនិយោគមូលនិធិសោធន
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងកម្មវិធីអភិវឌ្ឍន៍ សហប្រជាជាតិ (UNDP) បានចុះអនុស្សរណៈ នៃការយោគយល់គ្នា ស្ដីពីការពង្រឹងអភិបាលកិច្ច និងក្របខណ្ឌវិនិយោគ មូលនិធិសោធន ដែលនឹងជួយបង្កើន កិច្ចសហប្រតិបត្តិការពង្រឹងការកសាង សមត្ថភាពសម្រាប់គ្រប់គ្រងមូលនិធិសោធនរបស់កម្ពុជា ដែលបាននិងកំពុងពង្រីកយ៉ាងឆាប់រហ័ស ជាមួយនឹងវឌ្ឍនភាពគួរឱ្យកត់សម្គាល់។

អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Engrico Gaveglia នាយកកម្មវិធីអភិវឌ្ឍន៍ សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា ក្រោមវត្តមានជាសាក្សី របស់លោកស្រី Kanni Wignaraja អគ្គលេខាធិការរង អង្គការសហប្រជាជាតិ (UN) និងជានាយិកា UNDP ប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ។ ពិធីចុះអនុស្សរណៈនេះដែរ បានប្រពឹត្តទៅនៅវិទ្យាស្ថានជាតិ បណ្ដុះបណ្ដាលបច្ចេកទេស (NTTI) នារសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥។

លោករដ្ឋមន្រ្តី ហេង សួរ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រព័ន្ធសោធនទំនើប និងមាននិរន្តរភាពផ្នែកហិរញ្ញវត្ថុ ដែលការពារដល់កម្មករនិយោជិត និងគាំទ្រដល់ការអភិវឌ្ឍរយៈពេលវែងរបស់ប្រទេសកម្ពុជា ។ ជាមួយគ្នានេះ លោករដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះវត្តមានជាសាក្សីពីសំណាក់លោកស្រី Kanni Wignaraja ដែលពិតជាបង្ហាញការយកចិត្តទុកដាក់កម្រិតខ្ពស់ និងផ្តល់សារៈសំខាន់យ៉ាងខ្លាំងពីសំណាក់ UNDP ចំពោះរាជរដ្ឋាភិបាលកម្ពុជា និយាយជារួម និងចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និយាយដោយឡែក ក្នុងគោលដៅរួមគ្នាអភិវឌ្ឍគោលការណ៍ណែនាំវិនិយោគ ដែលស្របតាមគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច សំដៅបង្កើនសមត្ថភាពការវិភាគនិងវាយតម្លៃហិរញ្ញវត្ថុ ការកែលម្អការគ្រប់គ្រងហានិភ័យ និងការគាំទ្រការអភិវឌ្ឍសមត្ថភាពនិងការផ្លាស់ប្តូរបទពិសោធ ព្រមទាំងស្វែងយល់ពីយន្តការវិនិយោគដែលមានទំនួលខុសត្រូវ សំដៅរួមចំណែកលើកស្ទួយការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព។

នាឱកាសនោះ លោកស្រី Kanni Wignaraja បានបញ្ជាក់សាជាថ្មី នូវការគាំទ្ររបស់ UNDP ចំពោះកិច្ចសហប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា លើវិស័យជាច្រើន ជាពិសេស លើជំនួយបច្ចេកទេសនានាក្នុងការបង្កើន សមត្ថភាពលើការអនុវត្តរួមគ្នា ធ្វើយ៉ាងណាឱ្យកាន់តែល្អប្រសើរឡើង។ លោកស្រីអគ្គលេខាធិការរង ក៏បានលើកទឹកចិត្តឱ្យក្រុមការងារបច្ចេកទេស បំពេញការងារ ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ ដូចមានកំណត់ក្នុងអនុស្សរណៈ នៃការយោគយល់គ្នា សំដៅសម្រេចឱ្យបាននូវផ្លែផ្កាជូនប្រជាជន និងប្រទេសជាតិ៕




