ព័ត៌មានជាតិ

ក្រុមការងារ រៀបចំអង្គការ ចាត់តាំងយុវជន គណបក្សបជាជនកម្ពុជា នៅទ្វីបអាស៊ីខាងកើត និងអាគ្នយ៍(ESEA) ថ្កោលទោស ចំពោះទង្វើដ៏សាហាវយង់ឃ្នង របស់យោធាថៃ ដែលឈ្លានពានអធិបតេយ្យភាពកម្ពុជា

ភ្នំពេញ៖ ក្រុមការងាររៀបចំអង្គការចាត់តាំង យុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ បានចេញញត្តិប្រកាសថ្កោលទោស យ៉ាងដាច់អហង្ការ ចំពោះទង្វើអមនុស្សធម៌ដ៏សាហាវយង់ឃ្នង របស់យោធាថៃ ដែលបានធ្វើការឈ្លានពានសាជាថ្មី មកលើអធិបតេយ្យភាព នៃព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។

តាមរយៈញត្តិថ្កោលទោស ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ បញ្ជាក់ថា ក្រុមយោថាថៃឈ្លានពាន បានបាញ់ប្រហារមកលើអធិបតេយ្យភាពកម្ពុជាដោយប្រើប្រាស់អាវុធធុនតូច និងធំ ដោយកំរោលនិងមិនរើសគោលដៅ យ៉ាងសាហាវព្រៃផ្សៃ បានធ្វើឱ្យប្រជាជនស៊ីវិលកម្ពុជាមួយចំនួនរងរបួស ផ្ទះសម្បែងជាច្រើនខ្នងត្រូវបានបំផ្លាញ សិស្សសាលា ក្មេងចាស់ ប្រុសស្រីត្រូវបង្ខំចិត្តភៀសខ្លួនរកទីកន្លែងសុវត្ថិភាពបណ្តោះអាសន្នភ្លាមៗ ។

ប្រភពដដែលបញ្ជាក់បន្ថែមថា សកម្មភាពយ៉ាងគឃ្លើនរបស់ភាគីថៃ ម្ដងហើយម្តងទៀតនេះ បង្ហាញយ៉ាងច្បាស់ថា ថៃបានរំលោភបំពានលើបទឈប់បាញ់ និងសេចក្ដីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដែលភាគីទាំងពីបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រោមសាក្សីរបស់ ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និង ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន ។

ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ បានអំពាវនាវឱ្យសហគមន៍ អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពានសេចក្ដីថ្លែងការណ៍រួម ស្ដីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពខុសច្បាប់របស់ថៃម្តងហើយម្តងទៀត ដោយទាមទារឱ្យថៃ ទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ និងអំពាវនាវឱ្យភាគីថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។

ជាមួយគ្នានោះ ក្រុមការងារនេះ ក៏អំពាវនាវឱ្យភាគីថៃងាកមកគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ សេចក្ដីថ្លែងការណ៍ រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយ នៅក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និង ដោយសុច្ឆន្ទៈពិតប្រាកដ ព្រមទាំងប្រកាន់ខ្ជាប់ នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្ដរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និង កិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការប្រើ ប្រាស់កម្លាំងអាវុធ សំដៅស្វែងរកដំណោះស្រាយមួយប្រកបដោយយុត្តិធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ៕

To Top