កុមារ និងក្រុមគ្រួសារគោលដៅ ដែលបានទប់ស្កាត់ ពីការប្រើប្រាស់ពលកម្មកុមារ មកពី៤ស្រុក នៃខេត្តត្បូងឃ្មុំ ទទួលបាននូវសម្ភារៈសិក្សា សម្លៀកបំពាក់ មធ្យោបាយធ្វើដំណើរ និងកញ្ចប់វគ្គបំណិនជីវិត
ត្បូងឃ្មុំ៖ ស្រុកចំនួន៤ នៃខេត្តត្បូងឃ្មុំ រួមមាន ស្រុកត្បូងឃ្មុំ ស្រុកក្រូចឆ្មារ ស្រុកពញាក្រែក និងស្រុកអូររាំងឪ បានទទួលនូវសម្ភារៈសិក្សា សម្លៀកបំពាក់ មធ្យោបាយធ្វើដំណើរ ពូជសត្វ ពូជបន្លែ និងពូជមាន់ សម្រាប់ជួយដល់កុមារ និង ក្រុមគ្រួសារគោលដៅ ចំនួនសរុប៩០នាក់ ក្នុងនោះកុមារទប់ស្កាត់ការការពារចំនួន៥០នាក់ និងកុមារបន្តការគាំពារ ចំនួន៤០នាក់ ដែលបានទប់ស្កាត់ និងការពារពីការប្រើប្រាស់ពលកម្មកុមារ នៅក្នុងសិប្បកម្មផលិតឥដ្ឋ-ក្បឿង និងកសិ-ឧស្សាហកម្ម ដែលប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ នេះ នៅសាលាបឋមសិក្សាទួលវិហារ ក្នុងឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ។

លោកស្រី ស៊ើង សរសុចិត្តា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវឱ្យអាជ្ញាធរដែនដី និងអ្នកពាក់ព័ន្ធទាំងអស់ បន្តតាមដានវាយតម្លៃអំពីវឌ្ឍនភាពនៃការអប់រំកុមារ ដើម្បីកំណត់ភាពគង់វង្ស នៃការសិក្សារបស់កុមារ ជំរុញការសហការជាមួយគណៈកម្មការប្រឆាំងពលកម្មកុមាររាជធានី ខេត្ត អាជ្ញាធរមូលដ្ឋាន ដើម្បីកំណត់ភូមិ/ឃុំគំរូមួយដែលគ្មានពលកម្មកុមារ និងនិរន្តរភាព នៃវិស័យណាមួយគ្មានពលកម្មកុមារនៅក្នុងស្រុកមួយចំនួន។

ក្នុងនាមក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ លោកស្រីរដ្ឋលេខាធិការ ស្នើឱ្យមានការចូលរួមតាមជំនាញ និងជំរុញការផ្សព្វផ្សាយ ទៅគ្រប់វេទិកាសាធារណៈ និងក្នុងកម្មវិធីនានានៅក្នុងមូលដ្ឋាន សំដៅទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារផងដែរ ខណៈក្រសួងមានប្រព័ន្ធ Hotline ១២៨៦ និងប្រអប់បណ្តឹងអនាមិក សម្រាប់រាយការណ៍ករណីសង្ស័យមានការប្រើប្រាស់ពលកម្មកុមារ និងប្រព័ន្ធ Hotline ១២៩៧ សម្រាប់សាធារណជនទាក់ទង ក្នុងករណីមានបំណងស្វែងរកការងារធ្វើ៕






