ព័ត៌មានជាតិ

យុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្ដាល ផ្នែករាជធានី ខេត្តថ្កោលទោស ចំពោះទង្វើដ៏សាហាវយង់ឃ្នង របស់យោធាថៃ ដែលបានឈ្លានពាន លើអធិបតេយ្យភាពកម្ពុជា

ភ្នំពេញ៖ យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ផ្នែករាជធានី ខេត្ត បានចេញញត្តិប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើអមនុស្សធម៌ដ៏សាហាវយង់ឃ្នង របស់យោធាថៃ ដែលបានឈ្លានពានសាជាថ្មី មកលើអធិបតេយ្យភាព នៃព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ។

តាមរយៈញត្តិថ្កោលទោស យុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្ដាល ផ្នែករាជធានី ខេត្ត បញ្ជាក់ថា ក្រុមយោថាថៃឈ្លានពាន បានបាញ់ប្រហារ មកលើអធិបតេយ្យភាពកម្ពុជា ដោយប្រើប្រាស់អាវុធធុនតូច និងធំ ដោយកំរោលនិង មិនរើសគោលដៅ យ៉ាងសាហាវព្រៃផ្សៃ បានធ្វើឱ្យប្រជាជនស៊ីវិលកម្ពុជា មួយចំនួនរងរបួស ផ្ទះសម្បែងជាច្រើនខ្នងត្រូវបានបំផ្លាញ សិស្សសាលា ក្មេងចាស់ ប្រុសស្រីត្រូវបង្ខំចិត្តភៀសខ្លួន រកទីកន្លែងសុវត្ថិភាពបណ្តោះអាសន្នភ្លាមៗ។

ប្រភពដដែលបញ្ជាក់បន្ថែមថា សកម្មភាពយ៉ាងគឃ្លើនរបស់ភាគីថៃម្ដងហើយម្តងទៀតនេះ បង្ហាញយ៉ាងច្បាស់ថា ថៃបានរំលោភបំពានលើបទឈប់បាញ់ និងសេចក្ដីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដែលភាគីទាំងពីបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រោមសាក្សីរបស់ ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និង ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន ។

យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ផ្នែករាជធានី ខេត្ត បានអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពានសេចក្ដីថ្លែងការណ៍រួម ស្ដីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពខុសច្បាប់របស់ថៃម្តងហើយម្តងទៀត ដោយទាមទារឱ្យថៃ ទទួលខុសត្រូវទាំងស្រុង ចំពោះការរំលោភបំពានដ៏កំរោលនេះ និងអំពាវនាវឱ្យភាគីថៃ បញ្ឈប់រាល់អរិភាព ជាបន្ទាន់ដែលគំរាមកំហែង ដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។

ជាមួយគ្នានេះ យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ផ្នែករាជធានី ខេត្ត ក៏អំពាវនាវឱ្យភាគីថៃងាកមកគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ សេចក្ដីថ្លែងការណ៍ រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និង ដោយសុច្ឆន្ទៈពិតប្រាកដ ព្រមទាំងប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្ដរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការប្រើប្រាស់កម្លាំងអាវុធ សំដៅស្វែងរកដំណោះស្រាយមួយប្រកបដោយយុត្តិធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ៕

To Top