តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចូលរួមគោរពវិញ្ញាណក្ខន្ធ លោកវរសេនីយ៍ទោ ឡុង ឡាំង
ឧត្តរមានជ័យ៖ លោកស្រី ឃ្លោក ប៉េងថុល អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ទោ ឡុងឡាំង វីរនគរបាលជាតិ ដែលពលីជីវិតដោយសារការវាយប្រហាររបស់យោធាថៃ ក្នុងពេលឈរជើងការពារទឹកដីនៅទិសថ្មដូន ខេត្តឧត្តរមានជ័យ។

ជួបជាមួយគ្រួសារសព ក្នុងនាមលោករដ្ឋមន្រ្តី លោកស្រី ឃ្លោក ប៉េងថុល បានចូលរួមរំលែកទុក្ខ ហើយពិតជាមានសេចក្តីតក់ស្លុត និងសោកស្តាយជាអនេកចំពោះមរណភាពរបស់លោកវរសេនីយ៍ទោ ឡុង ឡាំង។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាពលរដ្ឋកម្ពុជា ចាត់ទុកថា នេះគឺជាការបាត់បង់ដ៏ធំធេងនូវស្វាមី ឪពុក ជាទីគោរពស្រឡាញ់ និងប្រកបដោយព្រហ្មវិហារធម៌របស់ភរិយា កូនៗ និងក្រុមគ្រួសារ និងជាការបាត់បង់នូវវីរនគរបាលជាតិដ៏ឆ្នើមមួយរូប ដែលពុះពារអង់អាចដើម្បីថែរក្សាការពារបូរណភាពដែនដីកម្ពុជាពីការឈ្លានពានរបស់ក្រុមទាហានថៃ។

ជាមួយនឹងការនាំយកបច័្ចយរបស់លោករដ្ឋមន្រ្តី ចូលរួមរំលែកមរណទុក្ខជាមួយ លោកស្រី ផាន ចន្ធា ព្រមទាំងក្រុមគ្រួសារ លោកជំទាវអនុរដ្ឋលេខាធិការ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកវរសេនីយ៍ទោ ឡុង ឡាំងសូមបានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕


