ព័ត៌មានជាតិ

សហគមន៍ខ្មែរ​ ពលករ និងនិស្សិតខ្មែរ​ នៅប្រទេសជប៉ុន ប្រមូលផ្តុំគ្នា សម្តែងមតិថ្កោលទោសថៃ ដែលបាញ់ប្រហារយ៉ាងឃោរឃៅ ទន្ទ្រានដែនអធិបតេយ្យភាពកម្ពុជា

ជប៉ុន៖ សហគមន៍ខ្មែរ ពលករ និងនិស្សិតខ្មែរ​នៅប្រទេសជប៉ុន បានប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុងតូក្យូ និងខេត្តអូសាកា នាថ្ងៃទី១០​ ខែធ្នូ ឆ្នាំ២០២៥នេះ ដើម្បីសម្តែងមតិថ្កោលទោស យ៉ាងដាច់អហង្ការបំផុត ចំពោះទង្វើអមនុស្សធម៌ ដ៏សាហាវឃោរឃៅយង់ឃ្នង របស់យោធាថៃ ដែលបានបើកការ វាយប្រហារគ្មានរើសគោលដៅដោយប្រើប្រាស់អាវុធគ្រប់ធុនក្នុងការឈ្លានពាន និងទន្ទ្រានចូលដែន អធិបតេយ្យភាពរបស់កម្ពុជា សាជាថ្មីម្តងទៀត ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។

អ្នកចូលរួមទាំងអស់បានស្រែកបន្លឺពាក្យស្លោក និងកាន់បដាដែលបង្ហាញពីការគាំទ្រពេញទំហឹងចំពោះ រាជរដ្ឋាភិបាលកម្ពុជា និងថ្កោលទោស ចំពោះអំពើរំលោភបំពានយ៉ាងសាហាវព្រៃផ្សៃបំផុត របស់យោធាថៃ មកលើដែនអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់កម្ពុជា និងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ លើប្រជាពលរដ្ឋខ្មែរ ស្លូតត្រង់យ៉ាងច្រើន។

សហគមន៍ខ្មែរ​ ពលករ និងនិស្សិតខ្មែរ​នៅប្រទេសជប៉ុន ទាមទារឱ្យយោធាថៃបញ្ឈប់ជាបន្ទាន់នូវទង្វើដ៏គឃ្លើនឈ្លានពានទាំងកំរោល និងអំពើយង់ឃ្នង ទាំងអស់នេះ ហើយងាកមកគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃទីក្រុងគួឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយមាន ឯកឧត្តម Donald Trump ប្រធានាធិបតីអាម៉េរិក និងលោក Anwar Ibrahim នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន ធ្វើជាសាក្សី និងគោរពគោលការណ៍សិទ្ធិមនុស្ស ក៏ដូចជាច្បាប់មនុស្សធម៌អន្តរជាតិជាធរមាន៕

To Top