លោក ឆាយ ឫទ្ធិសែន អញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យលេខ ២៣៧ អនក្រ.បក ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងអភិវឌ្ឍន៍ជនបទ
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៥រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យលេខ ២៣៧ អនក្រ.បក ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានវត្តមានដោយផ្ទាល់ពីសំណាក់ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ ដោយឡែកមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥រាជធានី-ខេត្ត ចូលរួមតាមប្រព័ន្ធនិម្មិត ZOOM ។

ជាកិច្ចចាប់ផ្ដើម លោក បាន បូរ័ត្ន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ បានអាននូវខ្លឹមសារទាំងស្រុងនៃអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានអនុម័តកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥នេះ ជូនដល់អង្គពិធីទាំងមូល។ បន្ទាប់មក អង្គពិធីក៏មានការលើកជាសំណួរ និងការបកស្រាយ ដើម្បីជាការបញ្ជាក់ជូនដល់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ ទាំងនៅក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី-ខេត្ត បានយល់ដឹងកាន់តែច្បាស់សម្រាប់ការអនុវត្តឱ្យទទួលបានជោគជ័យ។

អញ្ជើញមានប្រសាសន៍ក្នុងពិធីដ៏វិសែសវិសាលនោះ លោក ឆាយ ឫទ្ធិសែន បានសម្ដែងនូវសេចក្តីសោមនស្សរីករាយ និងបានបញ្ជាក់ជូនថាអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងអភិវឌ្ឍន៍ជនបទ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត របស់ក្រសួងអភិវឌ្ឍន៍ជនបទ បន្ទាប់ពីគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទឆ្នាំ២០២៥-២០៣៥ ដែលទទួលបានការឯកភាពពីគណៈរដ្ឋមន្រ្តីក្នុងសម័យប្រជុំពេញអង្គកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅ។ អនុក្រឹត្យថ្មីនេះ គឺជាឧបករណ៍ផ្លូវច្បាប់ក្នុងការអនុវត្តតួនាទី និងភារកិច្ចលើការងារអភិវឌ្ឍន៍ជនបទនៅកម្ពុជា ស្របតាមចក្ខុវិស័យ គោលបំណង គោលដៅ និងយុទ្ធសាស្ត្រ ដូចមានចែងក្នុងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទឆ្នាំ២០២៥-២០៣៥។ លោករដ្ឋមន្ដ្រី បានមានប្រសាសន៍បន្ដទៀតថា នៅក្នុងស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំបន្តវេនប្រកបដោយគតិបណ្ឌិត និងថាមវន្ដរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ផ្តោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាព។។ភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ជាពិសេសការងារកែទម្រង់រដ្ឋបាលសាធារណៈ កាន់តែមានសារៈសំខាន់ដែលត្រូវតែបន្តយកចិត្តទុកដាក់លើសពីនីតិកាលមុនៗ។

ជាចុងបញ្ចប់ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងមុខងារសាធារណៈ ដែលបានគាំទ្រ និងអនុម័តដាក់ឱ្យអនុវត្តផ្លូវការនូវអនុក្រិត្យនេះ និងបានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការរៀបចំអនុក្រឹត្យ រហូតសម្រេចបានជោគជ័យ និងទទួលបានការអនុម័តពីរាជរដ្ឋាភិបាល ប្រកបដោយស្មារតីសាមគ្គីភាពល្អ និងមានការទទួលខុសត្រូវខ្ពស់ ព្រមទាំងបានផ្ដល់អនុសាសន៍គន្លឹះមួយចំនួនដើម្បីជំរុញឱ្យការអនុវត្តអនុក្រឹត្យនេះ ប្រកបដោយសង្គតិភាព ប្រសិទ្ធភាព គណនេយ្យភាព និងស័ក្ដិសិទ្ធិភាព ៕




