ព័ត៌មានជាតិ

ក្រសួងការងារ និងក្រសួងសាធារណការ ប្រកាសស្តីពីការត្រួតពិនិត្យបច្ចេកទេសរថយន្តដឹកជញ្ជូនកម្មករនិយោជិត និងវិធានការកែលម្អរថយន្តដឹកជញ្ជូន

ស្វាយរៀង៖ លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង លោក​ ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានអញ្ជើញជា សហអធិបតីក្នុងពិធី “ប្រកាសស្តីពីការត្រួតពិនិត្យបច្ចេកទេសរថយន្តដឹកជញ្ជូនកម្មករនិយោជិត និងវិធានការកែលម្អរថយន្តដឹកជញ្ជូន” នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ នៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ក្រុងបាវិត ខេត្តស្វាយរៀង។

ក្នុងពិធីនេះមានការអញ្ជើញចូលរួមពី លោក​ ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ថ្នាក់ដឹកនាំក្រសួងការងារ ក្រសួងសាធារណការ ក្រសួងពាណិជ្ជកម្ម អាជ្ញាធរមូលដ្ឋានខេត្ត មន្ទីរពាក់ព័ន្ធជុំវិញខេត្ត អង្គការដៃគូ តំណាងសមាគមនិយោជក និងតំណាងសហជីព សមាសភាពចូលរួមសរុបជាង ៧០០នាក់។

ថ្លែងនាឱកាសនោះ លោក​ ហេង សួរ រដ្ឋមន្រ្តី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា គោលបំណងនៃការជួបជុំជាពេលវេលាដើម្បីផ្សព្វផ្សាយ និងជំរុញឱ្យមានការផ្លាស់ប្តូរពីរថយន្តប្រភេទដឹកទំនិញ ទៅជារថយន្តប្រភេទដឹកអ្នកដំណើរ ឬកែលម្អឱ្យមានកៅអីអង្គុយសមរម្យ សម្រាប់ដឹកជញ្ជូនកម្មករនិយោជិត ហើយដើម្បីលើកកម្ពស់ផាសុកភាព សុវត្ថិភាព និងសណ្តាប់ធ្នាប់ឱ្យកាន់តែប្រសើរជាងមុនដល់កម្មករនិយោជិត។ ការអនុវត្តនេះគឺស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានណែនាំដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសាធារណការ និងដឹកជញ្ជូន សិក្សាលទ្ធភាពក្នុងការកែសម្រួលបច្ចេកទេសកែលម្អរថយន្តសម្រាប់ការដឹកជញ្ជូនកម្មករនិយោជិតឱ្យបានល្អប្រសើរ។

ទន្ទឹមនឹងនេះ លោក​ ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា ការរៀបចំកម្មវិធីនេះ ក្នុងគោលបំណងលើកកម្ពស់ការកែលម្អរថយន្តដឹកកម្មករឱ្យបានកាន់តែល្អប្រសើរ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការកកស្ទះនៅតាមដងផ្លូវ និងកាត់បន្ថយថ្លៃចំណាយរបស់បងប្អូនកម្មករនិយោជិត ដើម្បីទទួលបាននូវមធ្យោបាយធ្វើដំណើរកាន់តែមានផាសុកភាព និងមានសុវត្ថិភាពក្នុងការធ្វើដំណើរ។

ជាទីបញ្ចប់លោក​ ហេង សួរ ក៏បានផ្តល់អនុសាសន៍មួយចំនួនជូនអង្គពិធី ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដោយត្រូវគិតគូលើកត្តា ៣យ៉ាង គឺកត្តាយានយន្ត កត្តាអ្នកបើកបរ និងការគោរពច្បាប់ ដែលនេះជាការរួមចំណែកយ៉ាងសំខាន់បំផុត ដែលត្រូវគិតពី សុវត្ថិភាពក្នុងការធ្វើដំណើរ និងសុវត្ថិភាពក្នុងការដឹកជញ្ជូន កម្មករនិយោជិត៕

To Top