ពលរដ្ឋខ្មែរនៅតំបន់ហ្វាសង់ ប្រទេសកូរ៉េខាងត្បូង ជួបជុំសម្តែងមតិ និងថ្កោលទោសយោធាថៃ ដែលបានឈ្លាន ពានជាថ្មី មកលើដែនអធិបតេយ្យភាព របស់កម្ពុជា
កូរ៉េខាងត្បូង៖ ប្រជាពលរដ្ឋខ្មែររស់នៅតំបន់ហ្វាសង់ នៃប្រទេសកូរ៉េខាងត្បូង បានរៀបចំការ ជួបជុំសម្តែងមតិ និងថ្កោលទោសយ៉ាងដាច់ អហង្ការចំពោះទង្វើដ៏ឃោរឃៅ និងអមនុស្សធម៌របស់យោធាថៃ ដែលបានធ្វើការឈ្លានពានជាថ្មី មកលើដែនអធិបតេយ្យភាព របស់កម្ពុជា។

ការជួបជុំសម្ដែងមតិ និង ថ្កោលទោសនេះ គឺបន្ទាប់ពីយោធាថៃ បានធ្វើការឈ្លានពានសារជាថ្មី មកលើដែនអធិបតេយ្យ របស់កម្ពុជា ចាប់ពីរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥មក ដោយបានប្រើប្រាស់ អាវុធធុនតូច និងធុនធំ ដោយកំរោល និងមិនរើសគោលដៅ យ៉ាងសាហាវព្រៃផ្សៃ ដែលបានធ្វើឱ្យប្រជាជនស៊ីវិលកម្ពុជា មួយចំនួនបានស្លាប់ និងរងរបួស ផ្ទះសម្បែងជាច្រើនខ្នង ត្រូវបានបំផ្លាញ សិស្សសាលា ក្មេងចាស់ ប្រុសស្រី ត្រូវបង្ខំចិត្តភៀសខ្លួន រកទីកន្លែងសុវត្ថិភាពបណ្តោះអាសន្នភ្លាមៗ។
ពិធីជួបជុំសម្ដែងមតិនេះ បានធ្វើឡើងចាប់ពី៩ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ ដោយមានគោលបំណងចម្បង គឺថ្កោលទោសយ៉ាងធ្ងន់ធ្ងរ ចំពោះទង្វើឈ្លានពានពីសំណាក់កងកម្លាំងថៃ មកលើដែនអធិបតេយ្យភាព និងពលរដ្ឋជាជន ស៊ីវិលកម្ពុជា ព្រមទាំងអំពាវនាវដល់សហគមន៍អន្តរជាតិ ថ្កោលទោស និង ដាក់កំហិតលើប្រទេសថៃ ឱ្យគោរពបូរណភាព ទឹកដីរបស់កម្ពុជា ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាងាកមកគោរពសេចក្តីថ្លែងការណ៍រួម ស្តីពី កិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជា និងថៃ ដែលមានសហរដ្ឋអាម៉េរិក និងម៉ាឡេស៊ីជាសាក្សី។
នៅក្នុងពិធីជួបជុំនេះ អ្នកចូលរួមទាំងអស់ បានស្រែកពាក្យស្លោក និងកាន់បដាដែលបង្ហាញពីការគាំទ្រ ពេញទំហឹងចំពោះចំណាត់ការ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារទឹកដីដូនតា និងអាយុជីវិតពលរដ្ឋស្លូតត្រង់។
ការជួបជុំនៅតំបន់ហ្វាសង់នេះ គឺជាការបង្ហាញនូវស្មារតីស្នេហាជាតិ និងការរួបរួមរបស់ជនរួមជាតិ ខ្មែរនៅឯក្រៅប្រទេស ជាពិសេសនៅប្រទេសកូរ៉េខាងត្បូង ក្នុងការការពារផលប្រយោជន៍ជាតិ និងការទាមទារឱ្យមានយុត្តិធម៌ ចំពោះអំពើឈ្លានពាន ដែលបានកើតឡើងម្តងហើយម្តងទៀត ពីសំណាក់យោធាថៃ៕
