ព័ត៌មានជាតិ

ពិធីបិទយុទ្ធនាការ ១៦ថ្ងៃ ៖ ប្រឆាំងអំពើហិង្សា ផ្អែក លើយេនឌ័រ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់សុវត្ថិភាព និងការគោរពសិទ្ធិគ្នា នៅកន្លែងការងារ»

ស្វាយរៀង៖លោក​ ហេង សួរ រដ្ឋមន្រ្តី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទយុទ្ធនាការ ១៦ថ្ងៃ ប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់សុវត្ថិភាព និងការគោរពសិទ្ធិគ្នានៅកន្លែងការងារ» និងអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧៧ នៃទិវាអន្តរជាតិសិទ្ធិមនុស្ស ដែលត្រូវបានរៀបចំឡើង នារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ នៅតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង។

ថ្នាក់ដឹកនាំក្រសួង និងក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តស្វាយរៀង រួមជាមួយអង្គការជាតិ អន្តរជាតិជាដៃគូពាក់ព័ន្ធ សរុបប្រមាណ ១៤០០នាក់ បានចូលរួមក្នុងពិធីនេះ។

ថ្លែងក្នុងពិធីនេះ លោករដ្ឋមន្ត្រី ហេង សួរ បានលើកឡើងពីសារសំខាន់ នៃការយល់ដឹងអំពីសុវត្ថិភាព និងការគោរពសិទ្ធិគ្នានៅកន្លែងការងារ ដែលជាផ្នែកមួយនៃលក្ខខណ្ឌការងារ ដើម្បីឱ្យនិយោជក កម្មករនិយោជិត និងភាគីពាក់ព័ន្ធបន្តចូលរួមជំរុញ ការលើកកម្ពស់សិទ្ធិការងារ និងផលិតភាពការងារនៅកម្ពុជា។

លោករដ្ឋមន្រ្តី លើកទឹកចិត្តឱ្យកម្មករនិយោជិតទាំងអស់ស្វែងយល់អំពីសិទ្ធិរបស់ខ្លួនក្នុងការទទួលបានសុវត្ថិភាពការងារ និងប្រើប្រាស់នូវយន្តការបណ្តឹងក្នុងករណីទទួលរង នូវការប្រើប្រាស់អំពើហិង្សាផ្អែកលើយេនឌ័រ ជាពិសេសកម្មករនិយោជិតជាស្ត្រី។

ជាមួយនឹងការថ្លែងអំណរគុណ ចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់សារសំខាន់ ព្រមទាំងចូលរួមក្នុង យុទ្ធនាការយ៉ាងសកម្ម ចាប់ពីថ្ងៃទី ២៥ វិច្ឆិកា ដល់ថ្ងៃទី ១០ ធ្នូនេះ លោករដ្ឋមន្ត្រី ក៏នៅតែអំពាវនាវឱ្យ បន្តអនុវត្តកិច្ចការនេះប្រកបដោយប្រសិទ្ធភាពដើម្បីសម្រេចបានទាំងគោលដៅសង្គម និងគោលដៅសេដ្ឋកិច្ច។

សូមបញ្ជាក់ថា ឆ្នាំ២០២៥ នេះ ជាខួបលើកទី៣៤ ហើយយុទ្ធនាការ ១៦ថ្ងៃ ដែលបានដំណើរការ បញ្ចប់ប្រកប ដោយជោគជ័យ ហើយក្នុងនោះចំណែកដ៏សំខាន់ នៃការសម្រេចបាននេះអាស្រ័យ ដោយការចូលរួមគាំទ្រ យ៉ាងសកម្មពីដៃគូនានា ដូចជា៖ តំណាងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គា រីសស៍, តំណាងគម្រោងរោង ចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC), សហជីព, សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ នៅកម្ពុជា (TAFTAC), សហភាពសហជីព, ក្រុមហ៊ុន VF (Cambodia) Sourcing Co., Ltd., អង្គការ Oxfam, អង្គការ Care Cambodia, អង្គការ GIZ, និងដៃគូពាក់ព័ន្ធ៕

To Top