ព័ត៌មានជាតិ

លោកស្រីម៉ាលី សុជាតា ៖ បើអន្តរជាតិ អត់មានចំណាត់ការលើប្រទេសថៃទេ ថៃនឹងបំពានប្រទេសផ្សេងទៀត ដែលខ្សោយ និងតូចជាងខ្លួន

ភ្នំពេញ ៖ លោកស្រីម៉ាលី សុជាតា អ្នកនាំពាក្យក្រសួង ការពារជាតិកម្ពុជា បានថ្លែងថា ប្រសិនបើសហគមន៍អន្តរជាតិ មិនមានចំណាត់ការណាមួយ ដ៏តឹងរឹងលើប្រទេសថៃនោះទេ ប្រទេសមួយនេះ នឹងឈ្លានប្រទេសដទៃទៀតដែលទន់ខ្សោយ និងក្រខ្សត់ជាងខ្លួន ។

ក្នុងសេចក្តីថ្លែងការណ៍ ស្តីពី «បច្ចុប្បន្នភាពស្តីពីស្ថានការណ៍ ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃ បានបើកការវាយប្រហារមុនមក លើកងទ័ពនិង ជនស៊ីវិលកម្ពុជា» នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកស្រីម៉ាលី សុជាតា អ្នកនាំពាក្យក្រសួង ការពារជាតិកម្ពុជា បានថ្លែងថា សហគមន៍អន្តរជាតិ នឹងមិនព្រងើយកន្តើយ ហើយមិនអនុញ្ញាត ឲ្យប្រទេសមួយបោះបង់ចោលមាគ៌ាសន្តិភាព ហើយជ្រើសរើស ការគំរាមកំហែង និងប្រើប្រាស់កម្លាំង ដោយមិនខ្លាចញញើត ចំពោះច្បាប់អន្តរជាតិ សូម្បីតែបន្តិចនោះទេ។

លោកស្រីបញ្ជាក់ថា “ប្រសិនបើមិនមាន ចំណាត់ការណាមួយ ដើម្បីឲ្យកងទ័ពថៃ ទទួលខុសត្រូវ ចំពោះទង្វើខុសច្បាប់របស់ខ្លួន… ថ្ងៃនេះកងទ័ពថៃ ឈ្លានពានកម្ពុជា ថ្ងៃស្អែកកងទ័ពថៃ អាចនឹងធ្វើដូចគ្នា ចំពោះប្រទេសដទៃទៀតដែលខ្សោយ និងតូចជាងខ្លួន” ។

លោកស្រីបន្តថា ទង្វើរបស់ថៃបំពានកម្ពុជា យ៉ាងកំរោលមកលើកម្ពុជា គឺប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ចំពោះសន្តិភាពនិងសន្តិសុខក្នុងតំបន់ទាំងមូល ។ ចំពោះករណីនេះ ក្រសួងការពារជាតិទាមទារ ឲ្យភាគីថៃបញ្ឈប់នូវការផ្សាយព័ត៌មានបំភ្លៃ បញ្ឈប់ការវាយប្រហារ ដោយមិនរើសអើងជាពិសេសលើប្រជាជនស៊ីវិល និងជាសាលារៀនរបស់កុមារ ។

ជាមួយគ្នានេះ ក្រសួងការពារជាតិកម្ពុជា ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើ អមនុស្សធម៌ដ៏សាហាវឃោរឃៅនេះ ហើយនេះបង្ហាញយ៉ាងច្បាស់ការណ៍ ដែលភាគីថៃបានរំលោភ បំពាន លើបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ” ដែលភាគី ទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា-ថៃ ក្រោមសាក្សីរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន៕

To Top