ទង្វើដ៏កំរោលរបស់ថៃ បំផ្លាញប្រាសាទ និងសាលារៀនខ្មែរ បង្ហាញពីការមាក់ងាយដល់វប្បធម៌
ភ្នំពេញ ៖ លោកស្រីម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានលើកឡើងថា សកម្មភាពដ៏កំរោល របស់យោធាថៃ បើកការបាញ់ប្រហារ ដោយមិនរើសគោលដៅបាញ់ ចូលទីប្រជុំជន ភូមិដ្ឋាន របស់ប្រជាពលរដ្ឋ ស៊ីវិលរស់នៅ សាលារៀន របស់កុមារ និងប្រាសាទតាក្របី, ប្រាសាទព្រះវិហារបានបង្ហាញ ពីការប្រមាថមាក់ងាយ ដល់វប្បធម៌ អរិយធម៌ ។

លោកស្រី ម៉ាលី សុជាតា បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ ស្តីពី “បច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ” នៅព្រឹកថ្ងៃទី១១ ធ្នូថា សកម្មភាពដ៏កំរោល របស់យោធាថៃ បើកការបាញ់ប្រហារ ដោយមិនរើសគោលដៅបាញ់ ចូលទីប្រជុំជនភូមិដ្ឋាន របស់ប្រជាពលរដ្ឋស៊ីវិលរស់នៅ ពិសេស ជាសាលារៀនរបស់កុមារ និងបានបាញ់បំផ្លាញ ប្រាសាទតាក្របី, ប្រាសាទព្រះវិហារជាទីសក្ការៈ របស់កម្ពុជា និងបេតិកភណ្ឌរបស់មនុស្សជាតិ គឺជាទង្វើដ៏សាហាវបង្ហាញ ពីភាពអសីលធម៌ ដែលបង្ហាញ ពីការប្រមាថមាក់ងាយ ដល់វប្បធម៌ អរិយធម៌ និងទីសក្ការៈដែលជាមរតកមនុស្សជាតិ ជាពិសេសមរតកវប្បធម៌ដែលដូនតាខ្មែរ បានកសាងបន្សល់ទុកមានតម្លៃ មិនអាចកាត់ថ្លៃបាន។
លោកស្រីបន្តថា សកម្មភាពឈ្លានពាន ដោយប្រដាប់អាវុធ របស់យោធាថៃ បានបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ គិតរហូតដល់ល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ ជនស៊ីវិលស្លូតត្រង់បានបាត់បង់ជីវិតកើនឡើងរហូតដល់ចំនួន១០នាក់ (ក្នុ្ងងនោះមានទារក ១នាក់ ផងដែរ) និងរងរបួសជនស្លូតត្រង់ចំនួន ៦០នាក់ ។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា សម្តែងការសោកស្តាយនូវទង្វើដែលពុំមានភាពស្មោះត្រង់របស់ភាគីថៃ និងច្រាលចោលទាំងស្រុងការចោទប្រកាន់ មួលបង្កាច់ បំភ្លៃការពិត និងគ្មានមូលដ្ឋានម្តងហើយម្តងទៀតពីភាគីថៃ ដែលក្លាយទៅជាទម្លាប់របស់កងទ័ពថៃ ដើម្បីយកមកធ្វើជាលេសបម្រើដល់មហិច្ឆតា ឈ្លានពានរបស់ខ្លួនមកលើដែន អធិបតេយ្យស្របច្បាប់របស់កម្ពុជា ៕
