ទ័ពថៃ ប្រព្រឹត្តអំពើរំលោភ បំពានច្បាប់ អន្តរជាតិ ជាច្រើនរាប់មិនអស់
ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួង ការពារជាតិកម្ពុជា បានមានប្រសាសន៍ថា កងទ័ពថៃ បានប្រព្រឹត្តអំពើ ដែលរំលោភបំពានលើច្បាប់ អន្តរជាតិជាច្រើនរាប់មិនអស់ ដូចជា ការប្រើប្រាស់យន្តហោះចម្បាំង F-16 និងប្រើប្រាស់ឧស្ម័នពុល ។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ ស្តីពី “បច្ចុប្បន្នភាពស្តីពីស្ថានការណ៍ ព្រំដែនកម្ពុជា-ថៃ” នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ថា ចាប់តាំងពីមុន ការបើកការវាយប្រហារ មកលើកម្ពុជាយ៉ាងកំរោល និងខុសច្បាប់ កងទ័ពថៃ បានបំពានគ្រប់លក្ខខណ្ឌទាំងអស់ នៃកិច្ចព្រមព្រៀឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួម ស្តីពី សន្តិភាពរវាងកម្ពុជា-ថៃ ហើយបើទោះបីជាមានការអំពាវនាវ យ៉ាងទទូចពីសំណាក់ សហគមន៍អន្តរជាតិ ឱ្យប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀង ទាំងនេះក៏ដោយ ក៏ភាគីថៃលែងទទួលស្គាល់ កិច្ចព្រមព្រៀងទាំងនេះដោយឯកតោភាគី ។
លោកស្រីបន្តថា ចំណែកឯកម្ពុជាវិញ នៅតែបន្តប្តេជ្ញាចិត្តម្តង ហើយម្តងទៀ តអំពីការគោរពរបស់ខ្លួន ចំពោះកិច្ច ព្រមព្រៀងទាំងនេះ ក៏ដូចជាកិច្ចព្រមព្រៀងទ្វេភាគីដទៃទៀត។ នេះសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថាតើកម្ពុជា ឬថៃដែលជាប្រទេសស្រឡាញ់សន្តិភាព និងចង់ដោះស្រាយជម្លោះដោយសន្តិវិធីពិតប្រាកដ។
អ្នកនាំពាក្យគូសបញ្ជាក់ថា “ជាក់ស្តែង កងទ័ពថៃបានប្រព្រឹត្តនូវអំពើ ដែលរំលោភបំពានលើច្បាប់ អន្តរជាតិជាច្រើនរាប់មិនអស់ ក្នុងនោះរួមមានការប្រើ ប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកមកលើទីកន្លែងស៊ីវិល ការប្រើប្រាស់ឧស្ម័នពុល ការបាញ់កម្ទេចទីតាំងប្រវត្តិសាស្ត្រ ដូចជាប្រាសាទព្រះវិហារ និងប្រាសាទតាក្របី ការបាញ់ អាវុធធុនធ្ងន់គ្រប់ប្រភេទ ដោយមិនរើសអើង ដែលបណ្តាលឱ្យប្រជាជនស៊ីវិលស្លូតត្រង់ជាច្រើនស្លាប់ និងរបួស ក្នុងនោះរួមទាំងស្រ្តី កុមារ និងមនុស្សចាស់ជរា និងទង្វើល្មើសច្បាស់ជាច្រើនទៀត” ។
លោកស្រីអះអាងថា បើទោះបីជាបានប្រព្រឹត្ត នូវអំពើខុសច្បាស់អន្តរជាតិ រាប់មិនអស់ទាំងអស់ នេះហើយ ក៏កងទ័ពថៃ មិនត្រឹមតែមិន បានចេញមុខមកទទួលខុសត្រូវ ចំពោះទង្វើអមនុស្សធម៌ និងឃោរឃៅរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងមក ចោទ ប្រកាន់កម្ពុជា យ៉ាងងងើល នៅក្នុងគោលដៅតែមួយគត់ គឺបង្កើតលេសដើម្បីបម្រើ ដល់ការឈ្លាន ពានលើដែនអធិបតេយ្យកម្ពុជា និងវាយប្រហារ មកលើប្រជាជនស្លូតត្រង់របស់កម្ពុជា៕
