ព័ត៌មានជាតិ

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជនបទចំនួន ៧ខ្សែ សរុបប្រវែង ៤១,៤០គ.ម និងបើកការដ្ឋានសាងសង់ផ្លូវជនបទចំនួន ៧ខ្សែ សរុបប្រវែង ៣៦គ.ម នៅក្នុងខេត្តតាកែវ

ខេត្តតាកែវ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និង លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជនបទចំនួន ៧ខ្សែ សរុបប្រវែង ៤១,៤០គ.ម និងបើកការដ្ឋានសាងសង់ផ្លូវជនបទចំនួន ៧ខ្សែ សរុបប្រវែង ៣៦គ.ម នៅក្នុងខេត្តតាកែវ ដែលជាការវិនិយោគសាធារណៈរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងអភិវឌ្ឍន៍ជន ក្នុងគោលដៅបង្កើនការតភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗឱ្យមានភាពរស់រវើក និងជំរុញកំណើនសេដ្ឋកិច្ចនៅតំបន់ជនបទ។

ពិធីដ៏ឱឡារិកនេះ ត្រូវបានរៀបចំឡើងនៅក្នុងភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ដោយមានវត្តមានអញ្ជើញចូលរួមរបស់ លោកជាថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ, លោក លោកស្រី តំណាងក្រសួងពាក់ព័ន្ធ, លោកប្រធានក្រុមប្រឹក្សាខេត្ត, លោកអភិបាលនៃគណៈអភិបាលខេត្ត, អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់, លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស, យុវជន និង ប្រជាពលរដ្ឋ សរុបជាង ១ ០០០នាក់។

ជាកិច្ចចាប់ផ្ដើម លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានធ្វើរបាយការណ៍ស្វាគមន៍ ដោយជម្រាបជូនអំពីស្ថានភាពភូមិសាស្ដ្រ សេដ្ឋកិច្ច និងសង្គមកិច្ច ជាពិសេសការរីកចម្រើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ដនិងគមនាគមន៍ និងកម្រិតជីវភាពរបស់ប្រជាជននៅទូទាំងខេត្តក្រចេះ តាមរយៈការប្រកបមុខរបរកសិកម្ម និងមុខរបរមិនមែនកសិកម្ម ។ បន្ទាប់មក លោក ជ្រាយ ប៉ុម អគ្គនាយកបច្ចេកទេស ក្រសួងអភិវឌ្ឍន៍ជនបទបានធ្វើរបាយការណ៍ដោយបានជម្រាបជូនថា ពិធីសម្ពោធផ្លូវជនបទ ៧ ខ្សែ ប្រវែងសរុប ៤១,៤ គីឡូម៉ែត្រ ជាផ្លូវក្រាលកៅស៊ូពីរជាន់ និងផ្លូវបេតុង ស្ថិតក្នុងក្របខ័ណ្ឌគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភារៈបរិស្ថាន (CFVAC) ក្រោមហិរញ្ញប្បនទានសហប្រតិបត្តិការពីរាជរដ្ឋាភិបាលកម្ពុជា, ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងមូលនិធិអាកាសធាតុបៃតង។

ជាមួយគ្នានោះ ការបើកការដ្ឋានសាងសង់ផ្លូវចំនួន ៧ខ្សែ សរុបប្រវែង ៣៦គ.ម ស្ថិតក្នុងក្របខ័ណ្ឌគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភារៈបរិស្ថាន (CFVAC) ក្រោមហិរញ្ញប្បនទានសហប្រតិបត្តិការពីរាជរដ្ឋាភិបាលកម្ពុជា, ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងគម្រោងពិពិធកម្មកសិកម្មកម្ពជា (CASDP) ក្រោមហិរញ្ញប្បទានឥណទានពីធនាគារពិភពលោក (World Bank)។ ផ្លូវទាំង ៧ខ្សែនេះ គ្រោងនឹងបញ្ចប់ការសាងសង់១០០% យ៉ាងយូរត្រឹមខែមករា ឆ្នាំ២០២៧ ខាងមុខនេះ។

ក្នុងឱកាសនោះផងដែរ លោក ជា វ៉ាន់ដេត បានធ្វើសុន្ទរកថាស្វាគមន៍ ដោយបានថ្លែងថា ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ និងបើកការដ្ឋានស្ថាបនាផ្លូវជនបទនាពេលនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀត ដែលបង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការកាសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ។ លោក បានមានប្រសាសន៍ថា ការអភិវឌ្ឍមូលដ្ឋានជនបទឱ្យមានការរីកចម្រើនគឺជាបំណងប្រាថ្នារបស់រាជរដ្ឋាភិបាល ដែលក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បាននិងកំពុងខិតខំយកចិត្តទុដាក់យ៉ាងខ្លាំង ជាមួយនោះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក៏បានរួមចំណែកកសាងបាននូវសមិទ្ធផលជាច្រើនផងដែរ។ បន្ទាប់ពីបានស្ដាប់របាយការណ៍ស្វាគមន៍រួចមក លោក ឆាយ ឫទ្ធិសែន បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពទាំងអស់ជុំវិញខេត្ត ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍខេត្តឱ្យមានការរីកចម្រើន និងទទួលបាននូវសមិទ្ធផលនានាលើគ្រប់វិស័យទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដែលធ្វើឱ្យខេត្តតាកែវកាន់តែមានសម្រស់ស្រស់បំព្រង ។

ថ្លែងក្នុងពិធីនោះ លោករដ្ឋមន្រ្ដី បានជម្រាបជូនអំពីយុទ្ធសាស្ដ្របញ្ចកោណ និងចក្ខុវិស័យ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំបន្តវេនប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងការដាក់ឱ្យប្រើប្រាស់នូវគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ ដោយបានកំណត់ចក្ខុវិស័យ“កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយ បរិយាបន្ន សមធម៌ និងចីរភាពទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌”។ ផ្អែកលើយុទ្ធសាស្ដ្រនៃគោលនយោបាយជាតិនេះ ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងយកចិត្តទុកដាក់លើការលើកកម្រិតគុណភាពហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ជនបទ ដើម្បីផ្សារភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗឱ្យមានភាពរស់រវើក និងកាន់តែសកម្មឡើងបន្ថែមទៀត ដែលជាមូលដ្ឋានគ្រឹះនៃកំណើនប្រាក់ចំណូលរបស់គ្រួសារនៅតំបន់ជនបទ។

ក្នុងនោះនៅក្នុងខេត្តតាកែវ មានផ្លូវជនបទសរុបចំនួន ៧៨៤ខ្សែ ដែលមានប្រវែងសរុបប្រមាណ ២ ៦០០ គីឡូម៉ែត្រ ដោយក្នុងនោះផ្លូវក្រាលកៅស៊ូពីរជាន់ និងក្រាលបេតុងប្រវែងប្រមាណជិត៥០០គីឡូម៉ែត្រ ហើយពិធីសម្ពោធ និងបើកការដ្ឋាននាឱកាសនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀត ដើម្បីធ្វើឱ្យមានកំណើនសេដ្ឋកិច្ចកាន់តែខ្ពស់ និងប្រជាជនកើនឡើងកាន់តែច្រើន។ ជាមួយគ្នានោះ លោកដ្ឋមន្ដ្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែជំរុញនិងផ្តល់ការគាំទ្រដល់ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងគមនាគមន៍ជនបទនៅទូទាំងប្រទេស។ ផ្អែកលើសមិទ្ធផលក្នុងយុគសម័យ“តេជោ-ធិបតី” ក្នុងនាមជាអ្នកបន្តវេន និងក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី លោករដ្ឋមន្ដ្រី ប្តេជ្ញាចិត្តចូលរួមអនុវត្តនូវយុទ្ធសាស្ដ្ររបស់រាជរដ្ឋាភិបាល ដើម្បីសម្រេចឱ្យបានជោគជ័យនូវចក្ខុវិស័យ“កម្ពុជាជាប្រទេសមានប្រាក់ចំណូលខ្ពស់ឆ្នាំ ២០៥០”។

ជាចុងបញ្ចប់ លោករដ្ឋមន្រ្ដី និងគណៈអធិបតី បានអញ្ជើញបញ្ជាគ្រឿងចក្រជានិមិត្តរូបនៃការបើកឱ្យដំណើរការសាងសង់ផ្លូវទាំង ៧ខ្សែខាងលើផងដែរ ៕

To Top