ក្រុមប្រឹក្សារាជធានីភ្នំពេញ ឱ្យអាជ្ញាធរណែនាំ ក្រុមហ៊ុនដឹកជញ្ជូនសំរាមមួយ ក្នុងចំណោមក្រុមហ៊ុនទាំង៣ ត្រូវបង្កើនប្រសិទ្ធភាព ការងារឱ្យបានដូចគ្នា
ភ្នំពេញ ៖ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានគូសបញ្ជាក់ថា បញ្ហាបរិស្ថាន ការដឹកជញ្ជូនសំរាម ការប្រមូលសំរាម នៅក្នុងរាជធានីភ្នំពេញ មានលក្ខណៈល្អប្រសើរ ខណៈក្នុងចំណោមក្រុមហ៊ុនដឹកជញ្ជូនសំរាមទាំង៣ ក្រុមហ៊ុន 800Super ត្រូវបានប្រជាពលរដ្ឋ ប្តឹងមកអាជ្ញាធររាជធានីភ្នំពេញច្រើនលើក ឱ្យក្រុមហ៊ុនដឹកជញ្ជូនសំរាមនេះ ដឹកជញ្ជូនសំរាម ឱ្យបានល្អប្រសើរជាងមុន និងដឹកជញ្ជូន សំរាមចេញឱ្យបានល្អ ដូចក្រុមហ៊ុនប្រមូលសំរាម២ទៀត។

ការលើកឡើងខាងលើនេះ គឺជាអ្វីដែលត្រូវ បានកត់សម្គាល់ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៩ របស់សមាជិកក្រុមប្រឹក្សា រាជធានីភ្នំពេញ អាណត្តិទី៤ ក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ហួត ហៃ អភិបាលរង តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ។

ក្នុងកិច្ចប្រជុំនេះ ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានលើកឡើងថា ក្រុមហ៊ុន 800Super ប្រជាពលរដ្ឋតែងមានសំណូមពរ ឱ្យមានវិធានការដោយសារតែក្រុមហ៊ុន ប្រមូលសំរាមមិនអស់ និងមានភាពយឺតយ៉ាវ ។

ទោះជាយ៉ាងនេះ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានអះអាងថា ការនិយាយបែបនេះ មិនមែនមានន័យថា ចង់ឱ្យលុបបំបាត់ក្រុមហ៊ុន 800Super នោះទេ តែមានប្រជាពលរដ្ឋជាច្រើន បានប្តឹងនិងលើកឡើង ក្នុងវេទិកាសាធារណៈ ពីភាពអសកម្មភាពរបស់ក្រុមហ៊ុនមួយនេះ ខណៈដែលលោកប្រធានសង្ឃឹមថា ក្រោយពីមានចំណាត់ការលើបញ្ហាសំរាម ដែលក្រុមហ៊ុន 800Super ទទួលខុសត្រូវនឹងលុបបំបាត់ការប្តឹង ពីប្រជាពលរដ្ឋតទៀត។

ក្នុងនោះ លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា នៅរាជធានីភ្នំពេញ មានក្រុមហ៊ុន៣ ទទួលបានសិទ្ធិពីរាជរដ្ឋាភិបាល ក្នុងការដឹកជញ្ជូនសំរាម នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នោះគឺ ក្រុមហ៊ុន 800Super, ក្រុមហ៊ុន Mizuda និង ក្រុមហ៊ុន ស៊ីនទ្រី (Cintri) ហើយក្នុងចំណោមក្រុមហ៊ុនទាំង៣នេះ ក្រុមហ៊ុនដែលដឹកជញ្ជូន ប្រមូលសំរាមអន់ថយជាងគេ គឺក្រុមហ៊ុន 800Super ដោយសារតែក្រុមហ៊ុននេះ ដេញថ្លៃបានទាបជាងគេ រហូតស្ទើតែពាក់កណ្តាល បើធៀប នឹងក្រុមហ៊ុន២ទៀត ពោលគឺ ក្រុមហ៊ុន Mizuda ដេញថ្លៃបានក្នុងតម្លៃ២៣ ដុល្លារក្នុង១តោន, ក្រុមហ៊ុន ស៊ីនទ្រី (Cintri) ដេញថ្លៃបានក្នុងតម្លៃ២២ដុល្លារក្នុង១តោន ចំណែកក្រុមហ៊ុន 800Superវិញ ដេញថ្លៃបានក្នុងតម្លៃ១២ដុល្លារប៉ុណ្ណោះក្នុង១តោន និងម្យ៉ាងទៀត រថយន្តមានចំនួនតិចថែមទៀតនោះ ទើបការដឹកជញ្ជូនសំរាម នៅក្នុងមូលដ្ឋាន ដែលក្រុមហ៊ុនទទួលខុសត្រូវ មានភាពយឺតយ៉ាវ និងដឹកជញ្ជូនមិនអស់។

ទោះបីជាយ៉ាងណាក្តី លោកអភិបាលរង បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ ក៏បានណែនាំនិងសូមឱ្យក្រុមហ៊ុន Mizuda និង ក្រុមហ៊ុន ស៊ីនទ្រី (Cintri) ជួយប្រមូល សំដៅធ្វើយ៉ាងណាឱ្យអស់សំរាម ពីរាជធានីភ្នំពេញរាល់ថ្ងៃ កាត់បន្ថយការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ៕
ដោយ៖ ដារាត់| ដើមអម្ពិល


