ព័ត៌មានជាតិ

ធនាគារពិភពលោក ៖ សេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២៥នេះ ត្រូវបានព្យាករថា នឹងមានកំណើន ៤.៨ភាគរយ

ភ្នំពេញ ៖ សេដ្ឋកិច្ចរបស់កម្ពុជា នៅក្នុងឆ្នាំ២០២៥នេះ ត្រូវបានព្យាករថា នឹងមានកំណើន៤.៨ ភាគរយ គឺធ្លាក់ចុះពី ៦ ភាគរយនៅឆ្នាំ២០២៤ ដោយសារសភាពការប្រឈមក្នុង និងក្រៅស្រុកបានដាក់សម្ពាធលើសកម្មភាពសេដ្ឋកិច្ច។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់សេដ្ឋកិច្ចរបស់កម្ពុជា នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ បានឲ្យដឹងថា គោលនយោបាយសារពើពន្ធ និងរូបិយវត្ថុ ប្រកបដោយការប្រុងប្រយ័ត្ន អមដោយកំណែទម្រង់រចនាសម្ព័ន្ធ ចំគោលដៅច្បាស់លាស់ នឹងបន្តមានមុខងារសំខាន់ចាំបាច់ ដើម្បីទប់ទល់នឹងការធ្លាក់ចុះនេះ និងពង្រឹងភាពធន់ របស់សេដ្ឋកិច្ច ទៅថ្ងៃមុខ។

របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា សម្រាប់ខែធ្នូ ឆ្នាំ២០២៥ ដែលមានចំណងជើងថា «ជម្នះការប្រឈម (Coping with Shocks)» ធ្វើការពិនិត្យមើលថាតើ ការធ្លាក់ចុះ នៃវិស័យអចលនទ្រព្យ ការរំខាននៅតាមព្រំដែន និងការរឹតបន្តឹងពាណិជ្ជកម្មថ្មីៗ កំពុងមានសម្ពាធដូចម្តេចខ្លះទៅលើកំណើនសេដ្ឋកិច្ច។ ការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យ បានធ្វើឱ្យតម្រូវការក្នុងស្រុក និងសកម្មភាពសំណង់ ធ្លាក់ចុះ ខណៈដែលភាពតានតឹងនៅ តាមព្រំដែនបានបង្អាក់ សកម្មភាពក្នុងទីផ្សារការងារ និងក្នុងវិស័យទេសចរណ៍។

លោកស្រី Tania Meyer នាយិកាធនាគារពិភពលោក ប្រចាំនៅកម្ពុជា បានថ្លែងថា «ប្រទេសកម្ពុជាកំពុងឆ្លងកាត់ ដំណាក់កាលដ៏លំបាកមួយ ដោយជួបបញ្ហាប្រឈមក្នុងស្រុក និងមកពីខាងក្រៅផ្ទួនៗគ្នា»។

លោកស្រី បន្ថែមទៀតថា «វិធានការការពារ ដ៏រឹងមាំ និងកំណែទម្រង់ចំគោលដៅ អាចជួយប្រទេស ឱ្យទប់ទល់នឹងសម្ពាធ ដែលកំពុងមានមកលើសេដ្ឋកិច្ច។ ការការពារគ្រួសារងាយរងគ្រោះ រួមទាំងអ្នកដែលទើបនឹងវិលត្រឡប់ចូលស្រុកវិញ គឺជាកិច្ចការចាំបាច់ណាស់។ ជាមួយគ្នានេះ ការកែលម្អបរិយាកាសអាជីវកម្ម ការជួយដល់ សហគ្រាសក្រៅប្រព័ន្ធ និងការបង្កភាពងាយស្រួល សម្រាប់អាជីវកម្មចុះបញ្ជីផ្លូវការ គឺមានសារៈសំខាន់ណាស់ដើម្បីពង្រីកសក្តានុពលកំណើន បង្កលក្ខណៈស្មើភាពសម្រាប់ការធ្វើអាជីវកម្ម និងបង្កើតការងារដែលមានគុណភាពកាន់តែប្រសើរឡើង»៕

To Top