ខេត្តតាកែវ៖ បន្ទាប់ពីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការ និងបើកការដ្ឋាន នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ រួចមក ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ឯកឧត្តមថ្នាក់ដឹកនាំនៃក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំមន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ អញ្ជើញទៅពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវកៅស៊ូពីរជាន់ (DBST) ១ខ្សែ ស្ថិតនៅលើទីតាំងបើកការដ្ឋាន។

ផ្លូវ ១ខ្សែនេះ មានប្រវែង ៩,០៤គ.ម ទទឹងខ្នងលើសរុប ៨ម៉ែត្រ ព្រមទាំងមានសំណង់សិល្បៈការ្យមួយចំនួន ចាប់ផ្ដើមពីផ្លូវលេខ៣ ត្រង់ចំណុចភូមិត្រពាំងត្រគៀត ឃុំឧត្តមសូរិយា សុ្រកត្រាំកក់ ទៅភ្ជាប់នឹងផ្លូវជាតិលេខ២ ត្រង់ចំណុចភូមិស្វាយព្រៃ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។

ផ្លូវនេះក្នុងក្របខ័ណ្ឌគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភារៈបរិស្ថាន (CFVAC) ក្រោមហិរញ្ញប្បនទានសហប្រតិបត្តិការពីរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អនុវត្តដោយក្រសួងងអភិវឌ្ឍន៍ជនបទ ចាប់ផ្ដើមសាងសង់នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ បច្ចុប្បន្នសម្រេចបានវឌ្ឍនភាព ២៣,៣៦% ហើយនឹងបម្រើផលប្រយោជន៍ដោយផ្ទាល់ដល់ប្រជាជនចំនួន ៧ ៥២២នាក់ និងអ្នកទទួលផលដោយប្រយោល ចំនួន ២១ ២២២នាក់៕









