គ.ស.ម.ក. ប្រកាសការពារជនស៊ីវិលកម្ពុជា តាមរយៈប្តឹងទៅសិទ្ធិមនុស្សអន្តរជាតិ
ភ្នំពេញ ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) ប្រកាសការការពារជនស៊ីវិលពី ការវាយប្រហាររបស់យោធាថៃ មកលើប្រទេសកម្ពុជាដោយមិនរើសគោល ។ គ.ស.ម.ក.អះអាងថា នេះគឺជាឧក្រិដ្ឋកម្មសង្គ្រាមនិងការរំលោភ សិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។
យោងតាមសេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥បានឲ្យដឹងថា យោធាថៃវាយប្រហារមកលើកម្ពុជា ក្រោមការដឹកនាំរបស់ លោក Weerayuth Raksil មេបញ្ជាការភូមិភាគ២ថៃ និងលោក Worayos Luangsuwan មេបញ្ជាការភូមិភាគ១ថៃ បានប្រើប្រាស់អាវុធគ្រប់ប្រភេទ រួមទាំងផ្សែងពុល មកលើទីតាំងភូមិសាស្ត្រដែលមាន ប្រជាជនស៊ីវិលរស់នៅខេត្ត បន្ទាយមានជ័យ ពោធិ៍សាត់ ឧត្តរមានជ័យ បាត់ដំបង និងព្រះវិហារ ព្រមទាំងការបំផ្លិចបំផ្លាញ ប្រាសាទបុរាណ ដែលជាបេតិកភណ្ឌជាតិនិងពិភពលោក។
សេចក្តីថ្លែងការណ៍បន្តថា ទង្វើអមនុស្ស និងយង់ឃ្នងទាំងនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់សិទ្ធិមនុស្ស និងច្បាប់ មនុស្សធម៌អន្តរជាតិ ព្រមទាំងជាបទល្មើសឧក្រិដ្ឋកម្មសង្គ្រាម ផងដែរ។ គ.ស.ម.ក. នឹងដាក់ញត្តិបន្ទាន់បន្ថែមទៀត លើករណីអំពើព្រៃផ្សៃនិងយង់ឃ្នងរបស់យោធាថៃ លោក Weerayuth Raksil មេបញ្ជាការភូមិភាគ២ថៃ និងលោក Worayos Luangsuwan មេបញ្ជាការ ភូមិភាគ១ថៃ ប្តឹងទៅឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ និងភាគីពាក់ព័ន្ធដទៃទៀត ឱ្យបើកការស៊ើបអង្កេតដោយឯករាជ្យ ចាត់វិធានការជាបន្ទាន់និងម៉ឺងមាត់ ព្រមទាំង ទាមទារឱ្យមានការទទួលខុសត្រូវចំពោះមុខច្បាប់។
គ.ស.ម.ក. ទទូចស្នើសុំដល់សហគមន៍អន្តរជាតិ និងដាក់សម្ពាធលើប្រទេសថៃ ឱ្យបញ្ឈប់សកម្មភាពជាបន្ទាន់ និងថ្កោលទោស មេបញ្ជាការភូមិភាគ២ថៃ និងមេបញ្ជាការភូមិភាគ១ថៃ ព្រមទាំងបុគ្គលពាក់ព័ន្ធទាំងអស់ ឱ្យទទួល ខុសត្រូវទាំងស្រុង ស្របតាមច្បាប់អន្តរជាតិចំពោះផលប៉ះពាល់ទាំងឡាយ ដែលបង្កឡើងដោយការ ឈ្លានពានរបស់ប្រទេសថៃ។
សូមបញ្ជាក់ថា យោងតាមអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ ការវាយប្រហារ ឬគោលដៅនៃការវាយប្រហារចំពោះទីតាំងជនស៊ីវិល គឺត្រូវហាមឃាត់ជាដាច់ខាត ហើយការប្រើប្រាស់ផ្សែងពុល គឺជាការរំលោភបំពានអនុសញ្ញាស្តីពីអាវុធគីមី ដែល ប្រទេសថៃជាភាគី៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
