ពលករ និងសហគមន៍ខ្មែរ នៅកូរ៉េខាងត្បូង បន្តជួបជុំសម្តែងមតិ ដោយថ្កោលទោសយោធាថៃ ដែលបានឈ្លានពានជាថ្មី មកលើដែនអធិបតេយ្យភាព របស់កម្ពុជា
កូរ៉េខាងត្បូង ៖ បងប្អូនពលករ និងសហគមន៍ខ្មែរ នៅតំបន់អឺយចុងប៊ូ ប្រទេសកូរ៉េខាងត្បូង ជាង ៣០នាក់ បានបន្តជួបជុំសម្តែងមតិ នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ ដោយថ្កោលទោសយ៉ាងដាច់អហង្ការចំពោះយោធាថៃ ដែលបានឈ្លានពានទាំងកំរោលជាថ្មី មកលើដែនអធិបតេយ្យភាពរបស់កម្ពុជា ដែលបានធ្វើឱ្យប្រជាជនស៊ីវិលកម្ពុជាចំនួន ១០នាក់បានស្លាប់ និងចំនួន ៦០នាក់ បានរងរបួស ក្នុងនោះដែរ ជនភៀសសឹក បានកើនឡើងដល់ជាង ១៩ម៉ឺននាក់។ នេះបើតាមការឱ្យដឹងពីក្រសួងការពារជាតិ គិតត្រឹមរសៀលថ្ងៃទី១១ ខែធ្នូនេះ ។

នៅក្នុងពិធីនេះ បងប្អូនពលករ និងសហគមន៍ខ្មែរ បានលើកឡើងបដា និងស្រែករួមគ្នាថា «កម្ពុជា ត្រូវការសន្តិភាពៗ ជយោវីរកងទ័ពកម្ពុជាៗ»។

ការជួបជុំសម្ដែងមតិ ដើម្បីថ្កោលទោសនេះ គឺបន្ទាប់ពីយោធាថៃ បានធ្វើការឈ្លានពានសារជាថ្មី មកលើដែនអធិបតេយ្យរបស់កម្ពុជា ចាប់ពីរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥មក ដោយបានប្រើប្រាស់អាវុធធុនតូច និងធុនធំ ដោយកំរោល និងមិនរើសគោលដៅយ៉ាងសាហាវព្រៃផ្សៃ។

សកម្មភាពជួបជុំសម្ដែងមតិនេះ គឺជាការបង្ហាញ នូវស្មារតីស្នេហាជាតិ និង ការរួបរួមរបស់ជនរួមជាតិខ្មែរនៅឯក្រៅប្រទេស ជាពិសេសនៅប្រទេស កូរ៉េខាងត្បូង ក្នុងការការពារផលប្រយោជន៍ជាតិ និង ការទាមទារឱ្យមានយុត្តិធម៌ ចំពោះអំពើឈ្លានពាន ដែលបានកើតឡើងម្តងហើយម្តងទៀត ពីសំណាក់យោធាថៃ៕
