ពេលស្រុកមានសង្គ្រាម ទើបគេស្គាល់វីរជន ពិតប្រាកដ
«ក្នុងប្រវត្តិសាស្ត្រសម័យទំនើបជាង ៥០០ឆ្នាំចុងក្រោយ កម្ពុជាក្នុងសករាជតេជោ-ធិបតី គឺជាសម័យកាលមួយ ដែលបានស្គាល់សុខសន្តិភាព និងស្ថិរភាពនយោបាយរយៈពេលយូរ ដែលអនុញ្ញាតឱ្យខ្មែរ បានស្គាល់ការអភិវឌ្ឍខ្លាំងក្លាមួយ មិនដែលធ្លាប់មានពីមុន»។
នេះគឺជារឿងពិតដែល គ្មានអ្នកណាអាចប្រកែកបាន និងដែលត្រូវបានលើកឡើងជាញឹកញាប់ ដោយថ្នាក់ដឹកនាំ និងមន្ត្រី រាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋទូទៅ ដែលបានឆ្លងកាត់សម័យកាលប្រវត្តិសាស្ត្រជាបន្តបន្ទាប់។ នៅពេលដែលនិយាយដល់បញ្ហានេះ ប្រាកដណាស់ យើងតែងតែនឹកដល់ស្ថាបនិកនិងប្រតិបត្តិករសន្តិភាព និងជាអ្នកដឹកនាំការអភិវឌ្ឍប្រទេសឱ្យរីកចម្រើនបែបនេះ នោះគឺសម្តេចតេជោ ហ៊ុន សែន និងឥស្សរជនថ្នាក់ដឹកនាំ ក្នុងជួរគណបក្សប្រជាជនកម្ពុជា។
ប៉ុន្តែ ឆ្លងកាត់សម័យកាលដែលខ្មែរ រស់នៅក្នុងសុខសន្តិភាពរយៈពេលយូរ ក៏មានខ្មែរខ្លះ ជាពិសេសអ្នកដែលមាននិន្នាការជ្រុលនិយមមួយចំនួនតូច ស្រាប់តែភ្លេចឬធ្វើជាភ្លេចថា អ្នកណាជាវីរជនរបស់ខ្លួន ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ស្ទើរមួយជីវិត ដើម្បីបុព្វហេតុសង្គ្រោះជីវិតខ្មែរ ចេញពីសេចក្តីស្លាប់ក្នុងរបបប្រល័យពូជសាសន៍ និងបញ្ចេញទេពកោសល្យដ៏អស្ចារ្យក្នុងការស្វែងរកសន្តិភាពជូនប្រទេសជាតិ និងប្រជាជន។ ផ្ទុយទៅវិញ ពួកគេថែមទាំងខិតខំលាបពណ៌ ស្ថាបនិកកម្ពុជាសម័យទំនើប ឱ្យមានរូបភាពផ្សេងទៅវិញ ទៅតាមនិន្នាការនយោបាយ និងដើម្បី បំពេញនូវមហិច្ឆិតានយោបាយសួនតួរបស់ខ្លួន។
«ប៉ុន្តែបច្ចុប្បន្ន នៅពេលប្រទេសជាតិជួបប្រទះការឈ្លានពានយ៉ាងកម្រោល និងព្រៃផ្សៃពីសំណាក់ ចោរប្រវត្តិសាស្ត្រសៀម ទើបខ្មែរគ្រប់គ្នា មើលឃើញយ៉ាងច្បាស់ថា អ្នកដែលមានសមត្ថភាពពិតប្រាកដ ក្នុងការការពារបូរណភាពទឹកដី និងដែលជាទីពឹងដ៏កក់ក្តៅបំផុតរបស់កម្ពុជា និងប្រជាពលរដ្ឋ ខ្មែរ គឺគ្មានអ្នកណាក្រៅពីតេជោសែន ដែលពោរពេញដោយបទពិសោធន៍គ្មានគូប្រៀបទាំងលើ សមរភូមិយោធា សមរភូមិការទូត និងនយោបាយ។ នេះហើយជាវីរជនខ្មែរពិតប្រាកដ ដែលកំពុងឈរនៅយ៉ាងរឹងមាំ ជាមួយប្រជាពលរដ្ឋ និងជាមេបញ្ជាការកងទ័ពប្រកបដោយយុទ្ធសាស្ត្រ និងចក្ខុវិស័យវែងឆ្ងាយហួសពីការស្មាន»។
ពិតណាស់ កម្ពុជាគឺជាប្រទេសតូច មានប្រជាជនតិច និងមានកម្លាំងសេដ្ឋកិច្ច និងយោធាតូចជាងថៃ។ បន្ថែមពីលើនេះ កម្ពុជាទើបតែងើបចេញពីភ្លើងសង្គ្រាម និងរបបប្រល័យពូជសាសន៍ ដែលប្រទេសជាតិ និងជីវិតមនុស្សត្រូវបានបំផ្លិចបំផ្លាញ ដល់ឬសគល់។ ទើបតែក្នុងអំឡុងពេលមានសុខសន្តិភាព រយៈពេល ២៦ឆ្នាំចុងក្រោយប៉ុណ្ណោះ ដែលកម្ពុជាមានពេលវេលាពេញលេញក្នុងការស្តានិងអភិវឌ្ឍប្រទេសឡើងវិញបានយ៉ាងលឿនរហ័សលើគ្រប់វិស័យ។ តែបើធៀបនឹងប្រទេសថៃ ដែលគ្មានសង្គ្រាម និងគ្មានរបបប្រល័យពូជសាសន៍ដូចកម្ពុជា ហើយគេអភិវឌ្ឍប្រទេសរហូតមក កម្ពុជា មិនអាចប្រៀបធៀបជាមួយគេបានឡើយ។
ប៉ុន្តែ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលបំផុតនោះគឺ ទោះបីជាកម្ពុជាមានសុខសន្តិភាព និងមានគោលនយោបាយ ផ្តោតលើការអភិវឌ្ឍវិស័យអាទិភាពជាច្រើន ដើម្បីផលប្រយោជន៍ប្រជាជន ដូចជាវិស័យអប់រំ សុខាភិបាល សង្គមកិច្ច និងហេដ្ឋារចនាសម្ព័ន្ធទន់និងរឹងជាដើមក៏ដោយ ក៏ថ្នាក់ដឹកនាំខ្មែរមិនភ្លេច គិតគូរពីវិស័យការពារជាតិនោះឡើយ។ វាពិតជាមិនមែនជាការងាយស្រួលឡើយ ក្នុងការទប់ទល់ជាមួយប្រទេសមួយ ដែលធំជាងនិងដែលប្រើកម្លាំងយោធាយ៉ាងកម្រោល ជាមួយអាវុធធុនធ្ងន់ទំនើប រហូតដល់យន្តហោះទម្លាក់គ្រាប់បែក ចូលមកឈ្លានពានទឹកដី។ ប្រសិនបើគ្មានការគិតគូរជាមុន គ្មានចក្ខុវិស័យវែងឆ្ងាយរបស់ថ្នាក់ដឹកនាំ និងគ្មានកងទ័ពអង់អាចក្លាហាន ពិសេសបើគ្មានមេទ័ពដែលពោរពេញដោយបទពិសោធន៍ និងយុទ្ធសាស្ត្រមុតស្រួចដូចតេជោសែនទេ កម្ពុជា ច្បាស់ជាគ្មានសមត្ថភាពទប់ទល់ ជាមួយចោរសៀម និងធ្វើឱ្យចោរប្លន់ទឹកដីប្រវត្តិសាស្ត្រមួយនេះ មានការភ្ញាក់ផ្អើលដូចពេលនេះទេ។
ដោយសារក្រពុលមុខ ចំពោះការវាយបកយ៉ាងធ្ងន់ធ្ងរទៅលើកងទ័ពរបស់ខ្លួន ពួកចោរសៀមបានប្រើប្រាស់អាវុធធុនធ្ងន់ របស់ខ្លួនបាញ់មិនដឹងទិសតំបន់ រាប់ទាំងមកលើទីតាំងស៊ីវិលជាច្រើន ដែល បានធ្វើឱ្យប្រជាពលរដ្ឋយើងមួយចំនួន រងគ្រោះថ្នាក់ និងបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ មួយចំនួនថែមទៀត។ នេះជាអំពើឃោរឃៅ ព្រៃផ្សៃ អមនុស្សធម៌ ដែលត្រូវបានកត់ត្រាទុកជាភស្តុតាង ដើម្បីបញ្ជាក់ពីអំពើរំលោភច្បាប់អន្តរជាតិ និងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ របស់ចោរសៀម។

អំពើដ៏សាហាវឃោរឃៅនេះនឹងតម្រូវឱ្យពួកគេសងវិញ ដោយច្បាប់អន្តរជាតិនាពេលខាងមុខ។ ប្រជាពលរដ្ឋខ្មែរនឹងចងចាំទុកដោយគ្មានថ្ងៃបំភ្លេចបាន នូវឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំង មនុស្សជាតិដ៏ព្រៃផ្សៃរបស់ចោរសៀម នៅក្នុងសម័យទំនើប។ សម្រាប់ប្រជាពលរដ្ឋខ្មែរ អ្វីដែលត្រូវចងចាំគឺ សម្តេចតេជោ ហ៊ុន សែន គឺជាវីរបុរសរបស់ខ្មែរ យ៉ាងពិតប្រាកដដែលរង់ចាំជួយខ្មែរនៅគ្រប់កាលៈទេសៈ សូម្បីតែសម្តេចបានផ្ទេរអំណាច ទៅអ្នកជំនាន់ក្រោយរួចហើយក៏ដោយ ក៏ សម្តេចមិនឈរឱបដៃមើលសត្រូវ ឈ្លានពាននោះឡើយ។ វីរភាពរបស់បុរសរដ្ឋរូបនេះពិតជាសក្តិសម ជាមួយគោរមងារតេជោយ៉ាងពិតប្រាកដ។ តទៅនេះ ទោះជាសង្គ្រាមរវាងអ្នកឈ្លានពានទឹកដី និងអ្នកការការពារទឹកដីនាពេលនេះនឹងបិទបញ្ចប់ដោយរបៀបណាក៏ដោយ ក៏ប្រជាពលរដ្ឋខ្មែរបានឃើញយ៉ាងច្បាស់នូវវីរភាពរបស់វីរបុរសរបស់ខ្លួន នោះគឺសម្តេចតេជោ ហ៊ុន សែន។ ចំណែក អ្នកបន្តវេនពីសម្តេច ក៏មានសមត្ថភាពខ្ពស់ផងដែរ ទាំងភាពវៀងវៃ នៃនយោបាយការទូត ដើម្បីទាក់ទាញការគាំទ្រពីអន្តរជាតិ និងទាំងសមត្ថភាពយោធា។ នោះគឺសម្តេចធិបតី ហ៊ុន ម៉ាណែត។

«ថ្នាក់ដឹកនាំកំពូលទាំងពីររូបនេះហើយ ដែលជាសរសរស្តមយ៉ាងរឹងមាំក្នុងការការពារជាតិ និងប្រជាជន ដែលយើងអាចហៅថាជាវីរជនរបស់ខ្មែរពិតប្រាកដ ក្នុងសករាជតេជោ-ធិបតី»។ ជាទូទៅ គេអាចសម្គាល់វីរជនពិតប្រាកដបាន នៅពេលដែលប្រទេសជាតិជួបប្រទះនឹងគ្រោះថ្នាក់ធំៗ ដូចជា សង្គ្រាមឈ្លានពាននាពេលនេះជាដើម ដូចពាក្យដែលគេតែងនិយាយថា ពេលប្រទេសមានសង្គ្រាម ទើបយើងបានស្គាល់វីរជនពិតប្រាកដ ដែលខុសស្រឡះពីវីរជនតាមហ្វេសប៊ុក ដែលលេចមុខព្រោងព្រាត នៅពេលប្រទេសជាតិមានសន្តិភាព៕
ដោយ វង្ស មករា សាស្ត្រាចារ្យ និងជាអ្នកវិភាគសង្គម និងនយោបាយ
