ព័ត៌មានជាតិ

កម្ពុជាមិនបានបាញ់ ទៅលើកងកម្លាំងថៃ ក្នុងតំបន់ងាយរងគ្រោះជាច្រើនឡើយ

ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានលើកឡើងថា កម្ពុជា មិនបានបាញ់ទៅលើ កងកម្លាំងថៃ នៅក្នុងតំបន់ងាយរងគ្រោះជាច្រើនឡើយ ។
ការលើកឡើង របស់ក្រសួង ការពារជាតិនេះ បន្ទាប់មានការផ្សព្វផ្សាយផេក Amarin News របស់ភាគីថៃ ផ្សាយចោទប្រកាន់ថា កម្ពុជា បានបាញ់ទៅលើកងកម្លាំងថៃ នៅក្នុងតំបន់ងាយរងគ្រោះជាច្រើន។

ជាមួយការចោទប្រកាន់នេះ ក្រសួងការពារជាតិកម្ពុជា ទាត់ចោលនូវខ្លឹមសារ ដែលបានចុះផ្សាយក្នុងសារព័ត៌មានថៃ ខាងលើនេះ និងអះអាងថាជាព័ត៌មានភូតកុហុក និងជាព័ត៌មានប្រឌិត ក្លែងក្លាយ និងលាបពណ៌មកលើកម្ពុជាតែប៉ុណ្ណោះ ។ ប៉ុន្តែការពិតគឺយោធាថៃនោះទេ ដែលជាអ្នកបើកការបាញ់ប្រហារ ហើយនៅតែបន្តការបាញ់ប្រហារ រំលោភបំពាន ឈ្លានពានមកលើដែនអធិបតេយ្យភាព របស់កម្ពុជា។

កម្ពុជាទាមទារឱ្យ ភាគីថៃ បញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មាន មិនពិតដោយចេតនា ក្នុងគោលដៅបង្វែរការ ចាប់អារម្មណ៍អំពីការរំលោភបំពានច្បាប់ អន្តរជាតិរបស់ខ្លួនដោយលាបពណ៌កម្ពុជា ដើម្បីយកលេសប្រើប្រាស់អាវុធ កាន់តែសាហាវមកលើកម្ពុជា៕

To Top