ព័ត៌មានជាតិ

នាយករដ្ឋមន្ដ្រីកម្ពុជា ផ្តល់យោបល់ឱ្យអ្នកជំនាញអាមេរិក និងម៉ាឡេស៊ី ប្រើវិធីសាស្ត្រនានា ដើម្បីផ្ទៀងផ្ទាត់ថា «តើភាគីណាបាញ់មុន»

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ដល់ឱ្យអ្នកជំនាញអាមេរិក និងម៉ាឡេស៊ី ប្រើវិធីសាស្ត្រនានា ដើម្បីផ្ទៀងផ្ទាត់ថា តើភាគីណាបាញ់មុន កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។

តាយរៈបណ្ដាញសង្គមហ្វេសប៊ុក សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា «ខ្ញុំបានពិភាក្សាតាមទូរស័ព្ទជាមួយ ឯកឧត្ដម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែធ្នូ និងកាលពីយប់មិញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ជាមួយ ឯកឧត្ដម Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ដើម្បីស្វែងរកវិធីអោយមានបទឈប់បាញ់ រវាងកម្ពុជា-ថៃ ហើយអោយភាគីទាំងពីរ វិលត្រលប់ទៅរកការអនុវត្ត សេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ (Kuala Lumpur Joint Declaration)»។

សម្តេចធិបតី បានថ្លែងអំណរគុណលោកទាំងពីរ ចំពោះការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ សំដៅសម្រេចឱ្យបាននូវសន្តិភាពយូរអង្វែងរវាងកម្ពុជា និងថៃ។ កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវជំហរក្នុងការស្វែងរកការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមស្មារតីនៃសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ (Kuala Lumpur Joint Declaration)។

សម្តេចធិបតី បន្ដថា ចំពោះហេតុការណ៍បាញ់ប្រហារ នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបានបណ្ដាល ឱ្យមានការផ្ទុះការប្រយុទ្ធជាថ្មី រវាងប្រទេសទាំងពីរ សម្តេច បានផ្តល់យោបល់ថា «កងទ័ព ឬស្ថាប័នជំនាញ របស់សហរដ្ឋអាមេរិក និងប្រទេសម៉ាឡេស៊ី អាចប្រើសមត្ថភាពប្រមូលព័ត៌មានរបស់ពួកគេ ដូចជារូបភាពផ្កាយរណប ដែលបានថតអំឡុងពេលនោះ និងក្រោយពេលនោះរយៈពេល ២៤ ម៉ោង ដើម្បីផ្ទៀងផ្ទាត់ថា តើភាគីណាបាញ់មុន ។ វិធីសាស្រ្តនេះអាចជាវិធីសាស្ត្រងាយស្រួល និងមានតម្លាភាពបំផុត ក្នុងការផ្ទៀងផ្ទាត់ហេតុការណ៍នេះ។ កម្ពុជាត្រៀមខ្លួនសហការ ក្នុងករណីមានតម្រូវការ»៕

To Top