រដ្ឋមន្ត្រីសាធារណការ ដឹកនាំកិច្ចប្រជុំ ដើម្បីត្រៀមស្តារឡើងវិញ ស្ពានមេទឹក បន្ទាប់ពីកងទ័ពឈ្លានពានថៃ ប្រើយន្តហោះបាញ់ផ្តាច់
ភ្នំពេញ ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រជុំជាមួយក្រុមការបច្ចេកទេសផ្លូវ-ស្ពាន និងបានត្រៀមខ្លួនរួចរាល់ ដើម្បីស្តារឡើងវិញ ស្ពានជ័យជំនះ(ស្ពានមេទឹក) ដែលត្រូវកងទ័ពឈ្លានពានថៃ ប្រើយន្តហោះបាញ់ផ្តាច់ កាលពីព្រឹកព្រលឹមថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។
បើតាមហ្វេសប៊ុករបស់ លោក ផន រឹម អ្ននាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន, នៅចំពោះស្ថានភាពបែបនេះ យើងរង់ចាំការអនុញ្ញតិពីសមរភូមិមុខ ដើម្បីចូលជួសជុល ធ្វើផ្លូវវាង ធានាការតភ្ជាប់ សម្រួលដល់ការចរាចរណ៍ឡើងវិញ។

សូមរំលឹកថា ស្ពានជ័យជំនះ (ស្ពានមេទឹក)ត្រូវបានស្ថាបនាជាស្ពានបេតុង (ប្រេកុងត្រាំង) ដែលតភ្ជាប់ពីត្រើយម្ខាង ទៅម្ខាងទៀតនៃស្ទឹងមេទឺក ស្ថិតលើផ្លូវជាតិលេខ៥៥ ត្រង់គីឡូម៉ែត្រលេខ ១៦៩+៤០០ មានប្រវែង ១៨០ម៉ែត្រ ទទឹង ១០ម៉ែត្រ ។ ស្ពាននេះ ចែកចេញជា៨ប្រឡោះ ដែលប្រឡោះនីមួយៗមានប្រវែង២០ម៉ែត្រ ស្ថាបនារួចក្នុងឆ្នាំ២០១៨ ដោយក្រុមហ៊ុនចិន CRBC។

ស្ពាននេះ មានចំងាយពីព្រំដែនប្រហែល ៨,៥គីឡូម៉ែត្រ គិតតាមចំងាយផ្លួវបត់បែន និងប្រហែល៥គីឡូម៉ែត្រ ជាចំងាយត្រង់ពីព្រំដែន ដែលជាច្រកងាយស្រួលតែមួយគត់ ភ្ជាប់ទៅប្រជុំជនថ្មដា ស្រុកវាលវែង៕



